ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ក្នុងរបាយការណ៍គោរពជូនសម្តេចនាយករដ្ឋមន្ត្រី ថា៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពរបស់ខេត្តនេះផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តផែនការរៀបចំដែនដីខេត្ត ព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព មជ្ឈមណ្ឌលកម្សាន្តជាតិ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលកំណើនជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សមិទ្ធផលនេះកើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ គ្មានប្រើអ្នកបច្ចេកទេសបរទេស គ្មានលាយឡំជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណាទេ និងបានរំលឹកថា៖ ដូនតាយើងអាចសាងសង់អង្គរវត្តបាន រឿងអីដែលខ្មែរយើងធ្វើប៉ុណ្ណឹងមិនបាន។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានថ្លែងអំណរគុណ និងការ កោតសរសើរចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) និងសមាជិកជាសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយជោគ ជ័យដ៏ត្រចះត្រចង់នាពេលនេះ។

សូមជម្រាបជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១ ៤៧០ ៥១១ម៉ែត្រការ៉េ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន៨ ចែកចេញជាបីប្រភេទរួមមាន៖ មហាវិថីចំនួនបីខ្សែប្រវែង ២០,៨គីឡូម៉ែត្រ វិថីចំនួន១៥ខ្សែប្រវែង៥០,៣គីឡូម៉ែត្រ និងអនុវិថីចំនួន១៩ខ្សែប្រវែង១២,៨គីឡូម៉ែត្រ ខ្សែផ្លូវនីមួយៗធ្វើពីបេតុងសរសៃដែក ក្រាលដោយកម្រាលកៅស៊ូបេទីម មានបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព និងផ្លូវជិះ កង់ក្រាលថ្មក្រានីត ដោយបានគិតគូរតាមប្លង់នគរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងដែលមានភាពចាំបាច់ ដើម្បីធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានចរាចរណ៍ល្អប្រសើរប្រកបដោយនិរន្តរភាព។

លើសពីនេះទៀត គម្រោងបានសាងសង់ស្ពានចំនួន៩កន្លែងប្រវែងសរុប២៩៦ម៉ែត្រ ដើម្បីតភ្ជាប់ខ្សែផ្លូវ ទាំងអស់ បានរៀបចំទីលានតេជោដែលមានទំហំ ២៣ ៥៩៣ ម៉ែត្រការ៉េ សម្រាប់ជូនប្រជាពលរដ្ឋធ្វើពិធី ជួបជុំ ហាត់ប្រាណ និងដើរកំសាន្ត បានរៀបចំចំណតរថយន្តទេសចរណ៍ចំនួន១០ចំណត និងរថយន្ត គ្រួសារចំនួន១១៤ចំណត បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៥៣៣គ្រឿង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន៤៥៩២បង្គោលបំពាក់អំពូលភ្លើងឆ្លាតបំភ្លឺផ្លូវសាធារណៈចំនួន៥៣០០អំពូល ដាំផ្កា ដាំដើមឈើ នៅអមសងខាងផ្លូវ ដាំស្មៅ ស្ថាបនាចម្លាក់បដិមាចំនួន៥ទីតាំង ចាក់បំពេញខ្សាច់ស រៀបចំផ្លូវថ្មើរជើងតាមបណ្ដោយឆ្នេរប្រវែង៩,៣២ គីឡូម៉ែត្រ សាងសង់បន្ទប់ទឹកសាធារណៈចំនួន១១កន្លែង រៀបចំកន្លែងអង្គុយកំសាន្តសាធារណៈ និងស្ដារអូរប្រឡាយផងដែរ។

ដោយឡែក គម្រោងបានសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ និងទី២ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹក កខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកមានសុវត្ថិភាពស្របតាមស្តង់ដាបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR មកពីប្រទេសអ៊ីស្រាអែល ដែលត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិន ប៉ះពាល់ដល់អ្នករស់នៅជុំវិញ ដោយក្នុងនោះ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ 

ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពី តំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ ដែលសាងសង់ដោយ ក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។

ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានស្ថាបនារួចខាងលើ បានចំណាយថវិកាសរុបប្រមាណ ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៣១០ ៤៦៦ ២៧៦ ដុល្លារអាមេរិក រួមជាមួយនឹងថវិកាពីសប្បុរជនក្នុងស្រុកមួយចំនួនផ្សេងទៀតផងដែរ៕