នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​យើងឃើញថា យុវជនកម្ពុជាកាន់តែច្រើនឡើងៗបាននឹងកំពុងព្យាយាមស្វះស្វែងដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស ទាំងអាហារូបករណ៍ និងការសិក្សាបង់ថ្លៃ។

តែទោះជាយ៉ាងណាក៏ដោយក៏មានបុគ្គលជោគជ័យមួយចំនួន គឺមិនបានសិក្សានៅក្រៅប្រទេស នោះទេ។ តើការសិក្សានៅបរទេស ពិតជាកំណត់ពីជោគជ័យក្នុងអាជីព ឲ្យសិស្សនិស្សិតឬយ៉ាងណា?

លោកទូច សុភក្ដិ ដែលជាវិស្វករ ក្នុងនាយកដ្ឋានផែនការ និងគំរោងនៃរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ​បានរៀបរាប់ថា​ការសិក្សានៅបរទេស ពិតជាមានសារៈសំខាន់ណាស់ សំរាប់អនាគតរបស់និស្សិតផ្ទាល់ ក៏ដូចជាសំរាប់ប្រទេសជាតិរបស់ពួកគេព្រោះគេអាចទទួលបាន បទពិសោធន៍ថ្មីៗ ក្នុងជីវិតប្រចាំថ្ងៃ និងចំណេះដឹងបន្ថែម លើមុខជំនាញរបស់គេ។​ ហើយ គាត់សំរេចចិត្តទៅរៀននៅក្រៅ ដោយសារគាត់ចង់ក្លាយជាមនុស្សឯករាជ្យ និង​ដោយសារគាត់ទុកចិត្តលើ ប្រព័ន្ធអប់រំរបស់បារាំង។

 លោក សុភក្តិ បន្តថា៖ «តាមពិតដូចកូនកាត់អញ្ចឹងកាលណាយើងទទួលបានការអប់រំទាំងក្នុងស្រុកនិងក្រៅស្រុក វាជាទូទៅល្អជាង ការអប់រំក្នុងប្រទេសតែមួយ»។ គួរបញ្ជាក់ផងដែរថា សុភក្តិ បានទៅរៀននៅ ទីក្រុងប៉ារីសប្រទេសបារាំង លើមុខជំនាញវិស្វ័កម្មសំរាប់ឧស្សាហកម្ម តាំងពីឆ្នាំ ២០១២ ដល់ ២០១៥។​

ថ្វីត្បិតតែមានមតិថាការចេញទៅរៀននៅខាងក្រៅ ផ្តល់ឲ្យនិសិ្សត នូវសារៈប្រយោជន៍យ៉ាងនេះក្តី​ លោក ទេព លីវីណា គ្រូបង្រៀនអង់គ្លេស នៅសាលាភាសាអង់គ្លេស អ៊ែតនិច (Edniche English School) យល់ថា ការសិក្សានៅក្រៅប្រទេស មិនសំខាន់ពេកនោះទេនៅក្នុងសម័យសាកលភាវូបនីយកម្មនេះ។

លោកលីវីណា បន្តថា៖ «មនុស្សអាចរៀនពីគ្នា ហើយសាលាក៏អាចរៀនពីគ្នាផងដែរ។ សាលាក្នុងស្រុកដែលយកកម្មវិធីសិក្សាពីសាលាក្រៅស្រុក អាចផ្តល់ជាមេរៀន ដល់សិស្សរបស់គេបាន។ សព្វថ្ងៃនេះសាលារៀនក្នុង ប្រទេសកម្ពុជាយើងល្អៗច្រើន ហើយអាចផ្តល់សមត្ថភាពដល់សិស្សខ្មែរបាន។»

លោកបានលើកឡើងទៀតថា៖«ខ្ញុំគិតថា បើសិនជាគ្រាន់តែរៀន ដើម្បីចំណេះដឹងចេញពីសាលារៀន រៀននៅស្រុកខ្មែរទៅគ្រប់គ្រាន់ពេកទៅហើយ។ រីឯ សម្រាប់ចំណេះដឹងក្នុងសង្គមវិញ យើងអាចទទួលបានតាមរយៈការធ្វើដំណើរកំសាន្តបាន។» គួររំលឹកផងដែរថា លោក លីវីណា ជាស្ថាបនិកម្នាក់របស់សាលាភាសាអង់គ្លេសអ៊ែតនិច។

លើសពីនេះទៅទៀតលោក ជុំ បញ្ញា អាយុ ២៣​ឆ្នាំ សព្វថ្ងៃជាអ្នកជំនាញផ្នែក Copywriter នៅក្រុមហ៊ុនឯកជនមួយ និងជាអ្នកបកប្រែម្នាក់ដែរនោះបានឲ្យដឹងថា គាត់មិនដែលទៅបន្តការសិក្សា នៅបរទេសនោះទេ តែលោកក៏បានផ្តល់យុទ្ធសាស្រ្តខ្លះៗដើម្បីទទួលបានជោគជ័យដោយមិនបាច់ទៅរៀន នៅបរទេសផងដែរ។

លោកថា៖«មិនថានៅរៀន មិនថាទៅធ្វើការ ដើម្បីឲ្យជោគជ័យគឺយើងត្រូវ “say yes to everything” មានការងារអ្វីដែលគេពឹងពាក់យើងត្រូវខំប្រឹងធ្វើទោះវាថ្មី ហើយយើងមិនធ្លាប់ធ្វើក៏ដោយ នោះយើងនឹងរៀនពីវាដោយខ្លួនឯង។»​ដោយសារការមិនរើសការងារនោះហើយ បានជាលោកមានភាពជោគជ័យដូចសព្វថ្ងៃ ដោយមិនបាច់ទៅសិក្សានៅក្រៅប្រទេសតែលោកក៏មានបំណង បន្តការសិក្សាដែរបើសិនមានឱកាស។

ទោះជាយ៉ាងណាកញ្ញា ទឹង ពៅមាស​ ដែលជានិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ វ៉េស្ទើននិងជាអតីតនិស្សិត អាហារូបករណ៍  GlobalUndergraduate Exchange Program (Global UGRAD) នៅតែយល់ថា ការសិក្សានៅក្រៅប្រទេសពិតជាមានសារៈសំខាន់ណាស់ សំរាប់សិស្សនិសិ្សតទៅថ្ងៃអនាគត ព្រោះពួកគេអាចសិក្សាស្វែងយល់ចំណេះដឹងប្លែកៗដែលមិនមាននៅក្នុងស្រុក និស្សិតក៏អាចពង្រឹងនិងពង្រីកការគិត និងគំនិតច្នៃប្រឌិតរបស់ពួកគេឲ្យកាន់តែទូលំទូលាយ។ កញ្ញាបន្ថែមទៀតថា វាក៏ជាឱកាសមួយសំរាប់ ផ្លាស់ប្តូរវប្បធម៌ រវាងជាតិមួយនិងជាតិមួយទៀត។​

កញ្ញាពៅមាស បន្តថា៖ «ខ្ញុំលើកទឹកចិត្តឲ្យប្អូនៗជំនាន់ក្រោយ កុំឲ្យស្ទាក់ស្ទើរក្នុងការដាក់អាហារូបករណ៍ហើយកុំមើលងាយ លើសមត្ថភាពរបស់ខ្លួនឯងឲ្យសោះ»។

ជាចុងក្រោយលោក ទេព លីវីណា នៅតែជំរុញទឹកចិត្ត អ្នកដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស ថា ៖«បើសិនជាខ្ញុំ ពិតជាមានបំណងទទួលបាន អាហារូបករណ៍មែន ខ្ញុំនឹងមិនបោះបង់នោះទេ។ខ្ញុំនឹងបន្តដាក់ពាក្យរហូត បើទោះជាខ្ញុំមិនទាន់ជាប់ឬធ្លាប់រហូតក៏ដោយ។ «ជោគជ័យអាចបាត់បង់បាន ប៉ុន្តែក្តីសង្ឃឹមមិនបាត់បង់នោះទេ» ៕