រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់ សម្រាប់បំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលការកែសម្រួលនេះ ត្រូវផ្ញើលទ្ធផល ការស្នើសុំមកក្រសួងមហាផ្ទៃ ឲ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២០ជាកំហិត។

ការកែសម្រួលនេះ ដោយតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឲ្យបានច្បាស់លាស់នៅឡើយ ដែលជាហេតុនាំឲ្យមានការប្រទាញប្រទង់ ដណ្ដើមសមត្ថកិច្ចគ្នា ក្នុងការគ្រប់គ្រង បានជះឥទ្ធិពលមិនល្អដល់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងកិច្ចការផ្សេងៗនៅតំបន់ទាំងនោះ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបានផ្សាយ កាលពីថ្ងៃ១៣ វិច្ឆិកា ២០២០៕