ខេត្តបន្ទាយមានជ័យ៖ កម្លាំងស៊ីម៉ាក់ នឹងប្រើពេលប្រមាណ១ខែ ក្នុងខែកក្កដានេះ ដើម្បីបោសសម្អាតមីននៅតំបន់អាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ នៃស្រុកភ្នំស្រុក ក្នុងផ្ទៃដីសរុបជាង២៥ហិចតា ដែលសល់មិនទាន់បានបោសសម្អាតមីន។
ឯកឧត្តម ហេង រតនា បានចុះពិនិត្យនិងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការនៃកងឯកភាពកំចាត់មីនទី១ទិសខេត្តបន្ទាយមានជ័យ ចំនួន១៧៣នាក់ នាថ្ងៃទី៤ កក្កដានេះ ដេីម្បីចុះអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបោសសម្អាតគ្រាប់មីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម។
ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានប្រសាសន៍កាលពីថ្ងៃទី១កក្កដា កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីនក្នុងតំបន់ខាងលើនេះត្រូវប្រេីប្រាស់កំលាំងចំនួនជាង៥០នាក់ ដោយប្រេីប្រាស់ធនធានថវិកាដែលមានស្រាប់ ដោយកំលាំងគ្រឿងចក្រ កំលាំងសុនខ និងកំលាំងបច្ចេកទេសតាមការចាំបាច់ ដោយអាចប្រើរយៈពេល១ខែ(ក្នុងខែកក្កដា)ក្នុងការបោសសម្អាត។
សូមបញ្ជាក់បន្ថែមថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅស្រុកភ្នំស្រុកទាំងមូល ដែលបូករួមទាំងឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម មានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យមានចម្ការមីនចំនួន៨ និងមានផ្ទៃដីសរុបជាង២៥ហិចតាដែលសល់មិនទាន់បានបោសសំអាត៕