ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្យាករណ៍ថាសម្រាប់រយៈពេល១៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥រហូតឆ្នាំ ២០៣០ តម្រូវការលំនៅឋាន ទូទាំងប្រទេសនឹងមានចំនួនប្រមាណ ១លានខ្នងបន្ថែមទៀតនេះបើតាមការថ្លែងរបស់លោក កាលពីនៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឳកាសបើកសម្ភោធដាក់ ឲ្យដំណើរការមជ្ឈមណ្ឌល លក់សម្ភារៈសំណង់ និងសម្ភារៈសម្រាប់ប្រើប្រាស់តាមលំនៅដ្ឋាន GlobalHouse ដែលវិនិយោគដោយក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប។
លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា “តម្រូវការលំនៅឋានដ៏ច្រើននេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងរបស់ប្រជាពលរដ្ឋក្នុងនោះសម្រាប់តំបន់រាជធានី ក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ៨០ម៉ឺនលំនៅដ្ឋាន ហើយបើគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ។
លោកក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន២៣០ទីតាំង និងមានសំណង់អគារខ្ពស់ ចាប់ពី៥ជាន់ឡើងទៅចំនួន ១,១០០អគារ៕