ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថាគ.ជ.ប.អ (CAMSOC) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា តាមរយៈការទំនាក់ទំនងល្អរវាងកម្ពុជា ចិន គណៈកម្មាធិការអូឡាំពិកចិន បានជួយជាបទពិសោធន៍ យុទ្ធសាស្ត្រផែនការ ការងារបច្ចេកទេស និងអ្នកប្រឹក្សាមកឱ្យកម្ពុជា ដែលចិនធ្លាប់បានធ្វើ និងទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការបើកនិងបិទព្រឹត្តិការណ៍កីឡាក្នុងប្រទេសចិន ។

ឯកឧត្តម​ បញ្ជាក់​ថា​ «ពិធីបើកបិទជាស្នូលនៃការធ្វើការបង្ហាញនូវ វប្បធម៌ អរិយធម៌របស់យើង នៅក្នុងពិធីបើកបិទនឹង អីចឹងការយល់ពីវប្បធម៌របស់យើងស៊ីជម្រៅ ការបង្ហាញនូវវប្បធម៌ជាតិ សក្តានុពលជាតិរបស់យើង គឺយើងជាអ្នកធ្វើ ។ ការជួយនេះ អត្ថន័យរបស់ខ្លួនយើង ហើយជំនួយបច្ចេកទេស ជំនួយប្រឹក្សារបស់ខាងចិនគឺយើងសហការគ្នា ដោយគេមានបទពិសោធន៍ក្នុងការរៀបចំកម្មវិធីបើកបិទនៅអូឡាំពិកហ្គេម នៅចិនគេធ្វើបានជោគជ័យហើយអស្ចារ្យ អីចឹងយើងបញ្ជូលគ្នាពីបច្ចេកទេសមកក្នុងវប្បធម៌ របៀបរបបរបស់យើង បង្ហាញឱ្យឃើញពីអត្ថសញ្ញាជាតិរបស់យើង » ។

ឯកឧត្តមវ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ គឺបានលើកស្ទួយដល់កីឡាករ កីឡាការិនីកម្ពុជា មានភាពល្បីល្បាញក្នុងតំបន់និងលើឆាកអន្តរជាតិ ។ បន្ថែមពីលើនោះទៀត វានឹងបង្ហាញពីសក្តានុពលរបស់ជាតិទាំងមូលទៅលើឆាកអន្តរជាតិ ដែលបង្ហាញឪ្យឃើញថា ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ មានធនធានមនុស្សល្អ មានសេដ្ឋកិច្ចល្អ វប្បធម៌រុងរឿង ជាដើម ។ មិនតែប៉ុណ្ណោះ នឹងបានទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគទុន មកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង ។ សម្រាប់កីឡាស៊ីហ្គេមលើក៣២ ឆ្នាំ២០២៣ កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕

ប្រភព៖ក្រសួងព័ត៌មាន