រាជធានីភ្នំពេញ៖ ការដ្ឋានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា មានសមត្ថភាពអាចប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ ដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី នាថ្ងសទី ២២កុម្ភៈ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ (Kubota-Metawater Joint Venture) មានសមត្ថភាពអាចប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងចំណាយថវិកាប្រមាណ ២៣៤០ លាន យេន ឬស្មើនឹងប្រមាណជាជាង ២០ លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយការសាងសង់នេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ 

សម្តេចតេជោបានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងនោះមានកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យ, ការសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ នៅខេត្តក្រចេះ និងខេត្តព្រៃវែង និងការបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាថ្ងៃនេះ។

នៅក្នុងគម្រោងនេះ ក៏រួមមានផងដែរនូវការសាងសង់ឋបនីយភណ្ឌស្ទាក់ប្រមូលទឹកកខ្វក់ (interception facility) ដែលមានសមត្ថភាព ៣.៥ ម៉ែត្រគូបក្នុងមួយនាទី, ការសាងសង់ផ្លូវសម្រាប់ថែរទាំប្រឡាយប្រវែង ១៧០០ ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយក្រាលកំរាលបេតុងកៅស៊ូ (AC), និងដាក់បំពង់លូប្រវែង ១៨៤០ម៉ែត្រ ផងដែរ៕