រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ​បាន​ប្រកាស​ពី​ការ​ករណី​ឃើញ​​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី B.1.617.2 (ឌែលតា) លើមនុស្ស ចំនួន២៣​​នាក់​  ដែល​ករណី​ឆ្លង​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥​នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី កាលពីថ្ងៃទី១កក្កដា បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ចូល​មក​កម្ពុជា​វិញ។បន្ថែមលើករណី​ឆ្លង​លើ​ពលរដ្ឋ​ខ្មែរ​ចំនួន ១២​នាក់​ផ្សេង​ទៀត​ផង ​ដែរលត្រូវបានរកឃើញកាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​កន្លង​មក​នេះ ដោយបានឆ្លងកាត់តាមច្រក អូរស្មាច់ អូរបីជាន់ និងច្រកចំបក់។

អ្នកជំងឺដែលមានវីរុសបំប្លែងថ្មីនេះ នឹងត្រូវនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដ១៩ផ្សេងទៀត និងត្រូវធ្វើចត្តាឡីស័ករហូតដល់ ២១ថ្ងៃផងដែរ។ បើតាមការប្រកាសរបស់អង្គការ​សុខាភិបាល​ពិភព​លោក ​កាល​ពី​សប្ដាហ៍​មុន​ថា មេរោគ​កូវីដ១៩ ប្រភេទ Delta ​នេះមានភាពងាយក្នុងការ​ឆ្លង​លឿន​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។

ក្រសួង​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា មានបុគ្គលិក​សុខាភិបាល​មួយ​រូប​នៅ​ខេត្ត​ឧត្ដរមានជ័យ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​នេះ​ផង​ដែរ។ ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​ ក៏បាន​ក្រើន​រំលឹក​ជា​ថ្មី​ម្ដង​ទៀត​ទៅ​ដល់​សាធារណជន​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​នេះ៕