រាជធានីភ្នំពេញ៖ កងទ័ពមួកខៀវប្តូរវេនចំនួន ១៨៤ នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ក្នុងថ្ងៃទី ០២ ខែកម្ភៈ ឆ្នាំ ២០២២។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានជូនដំណើរនិងបញ្ជាក់ថា៖ បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១២ ដែលកងវិស្វកម្មពហុជំនាញលេខ៨២៩ ជាកងទី១២ ចូលរួមទទួលបានទំនុកចិត្ត និងភារកិច្ចពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនប្រទេសដែលរងជម្លោះដូចបណ្តាប្រទេសមុនៗដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ៖ ជាមោទនភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិយើង ដែលវីរយុទ្ធជន យុទ្ធនារីយើង ខិតខំហ្វឹកហាត់អស់រយៈពេលយូរ ទទួលបានក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងពិតប្រាកដ ពីអ.ស.ប និងប្រមុខរាជរដ្ឋាភិបាល ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់នៅលើសមរភូមិ។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបញ្ជូនកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ មាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
បច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិ ភាពក្រោមឆត្រអង្គការសហប្រជាជាតិ នាប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ កម្លាំងទាំងអស់ ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវប្រមាទស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកពិសោធន៍ និងមេរៀនណាល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលកើតមានឡើង ដើម្បីសម្រេចជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។
នាយឧត្តមសេនីយ៍ បានផ្ដល់សារដាស់តឿនដែរថា រយៈ ពេល១០ឆ្នាំ កម្លាំងកម្ពុជានៅប្រទេសលីបង់ ទទួលបានសុខនិងសុវត្ថិភាព តែគួរឱ្យសោកស្តាយដែលកងទី១១ ជាកងនឹងធ្វើមាតុនិវត្តន៍ បានជួបឧបទ្ទវហេតុផ្ទុះមីនបណ្តាលឱ្យមានវិប្បដិសារីដល់ជាតិ អង្គភាពគ្រួសារ ពិសេសចំពោះខ្លួនឯងផ្ទាល់។ នេះគឺជាមេរៀន ដែលបុគ្គលនីមួយៗត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្លួន អនុវត្តឱ្យបានដាច់ខាតតាម SOP របស់អង្គការសហប្រជាជាតិ៕