ក្រសួង​បាន​បន្ត ​ជម្រុញ​ការអភិវឌ្ឍន៍​ប្រេងកាត ដោយបាន​ចុះ​កិច្ចព្រមព្រៀង​ តំបន់​ប្លុក​A ទៅ​ឲ្យ​ក្រុមហ៊ុនKris Energy នឹងរំពឹងទទួលបានដំណក់ប្រេងចុងឆ្នាំ ២០១៩

ភ្នំពេញ៖ កម្ពុជា​នឹង​ទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង នៅ​ចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខនេះក្រោម​គម្រោង​អភិវឌ្ឍន៍ ​អណ្តូង​ប្រេងកាត​នៅ​តំបន់​ប្លុក​A របស់​ក្រុមហ៊ុន Kris Energy ក្នុង​ដែនសមុទ្រ​កម្ពុជា នេះបើតាមការលើកឡើងរបស់ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។

​ក្នុង​ពិធី​សំណេះសំណាល និង​ពិភាក្សា​ការងារ ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែនិង​ថាមពលនិង​គណៈកម្មាការ​ទី៩ នៃ​រដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សុផុន កាលពី​ថ្ងៃទី២៧ ខែធ្នូ​ ​លោក​ស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួង​រ៉ែនិង​ថាមពល បាន​ថ្លែងថា ក្រសួង​បាន​បន្ត​ជម្រុញ ​ការអភិវឌ្ឍន៍​ប្រេងកាតដោយបាន​ចុះ​កិច្ចព្រមព្រៀង​ តំបន់​ប្លុក​Aទៅ​ឲ្យ​ក្រុមហ៊ុនKris Energy របស់ប្រទេស​សឹង្ហ​បុរី ដើម្បីធ្វើការ​អភិវឌ្ឍន៍​ក្នុង​ដំណើរ​ឆ្ពោះទៅ​ ផលិត​ប្រេង​ឆៅ​នៅ​កម្ពុជា។

លោក​លើកឡើងថា៖ សមិទ្ធិផល​ថ្មី​មួយ​ខាងលើនេះក្រសួង​បាន​តាមដាន​ជាប្រចាំ នៅ​រាល់​របាយការណ៍​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន KrisEnergy និង​នៅ​គ្រប់​ដំណាក់​កាល ដោយបាន​បញ្ជាក់​ថា គ្មាន​ការយឺតយ៉ាវ នៅក្នុង​គម្រោង​អភិវឌ្ឍន៍​នោះឡើយ។

លោក​ស៊ុយសែម​ បន្ត​ឲ្យ​ដឹងថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍ ​អណ្តូង​ប្រេងកាត​ខាងលើក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា ដោយបាន​ថ្លឹងថ្លែងនិង​ពិនិត្យមើល​លទ្ធភាព ​យ៉ាង​ល្អិតល្អន់ នៅលើ​កេរ្ដិ៍​ឈ្មោះនិង​ចរន្ត​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំងនោះ មុននឹង​ចេញច្បាប់អនុញ្ញាត​៕