រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងលើកអំពីគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចប្រកាន់ប្រទេសមីយ៉ាន់ម៉ា នៅខែមករាខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងខិតខំសម្រួលដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ។

ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ «យើងមិនអាចហៅអាស៊ានបានទេ បើនៅតែអាស៊ាន៩នោះ ត្រូវសង្គ្រោះពីអាស៊ាន៩ ឱ្យមកនៅអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន»

សម្ដេចបានមានប្រសាន៍បញ្ជាក់ថា សម្ដេចនឹងតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាដោះចប់ឬមិនចប់ គឺស្ថិតលើមីយ៉ាន់ម៉ាខ្លួនឯង អាស៊ានគ្រាន់ជាចំណែកជួយសម្របសម្រួលខាងក្រៅប៉ុណ្ណោះ៕