រាជធានីភ្នំពេញ៖ ក្នុងជំនួបលោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់លោកឯកអគ្គរដ្ឋទូតវៀតណាម លោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបានមួយលាននាក់នៅឆ្នាំ២០២៤ ។
លោកបានបង្ហាញថា ត្រឹមរយៈពេលប្រាំបីខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់រួចហើយ។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់ មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។
ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរ៕