ក្រុងសេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២ ខែកក្កដានេះ បានផ្សាយឲ្យដឹងថា កិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ក្រោយពីភាគីខាងកូរ៉េ បានជូនដំណឹងអំពីការបញ្ចប់រួចរាល់នូវរាល់នីតិវិធីក្នុងស្រុក សម្រាប់ការចាប់ផ្តើមដំណើរការចរចានេះ។

រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងធ្វើពិធីប្រកាសជាផ្លូវការអំពី ការចាប់ផ្តើមដំណើរការចរចាកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ។

ជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ កម្ពុជារំពឹងថា នឹងអាចពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕