រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងវិទ្យាស្ថានបរិស្ថាន ឧស្សាហកម្ម និងបច្ចេកវិទ្យាកូរ៉េ បានចុះហត្ថលេខាលើឯកសារអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការការរៀបចំផែនការមេ នៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក ផ្អែកលេីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅប្រទេសកម្ពុជា នាថ្ងៃទី១៨ មេសា ២០២២។
ក្នុងការចុះហត្ថលេខានេះ ភាគីកម្ពុជាមានលោក ប៉ុញ សច្ច: រដ្ឋលេខាធិការ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងភាគីកូរ៉េមានលោក Jechul Yoo ប្រធានវិទ្យាស្ថានបរិស្ថាន ឧស្សាហកម្ម និងបច្ចេកវិទ្យាកូរ៉េ ដែលធ្វើឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
នៅក្នុងជំនួបនោះផងដែរ លោករដ្ឋលេខាធិការ បានជម្រាបជូនលោកប្រធានវិទ្យាស្ថាន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះវិទ្យាស្ថានបរិស្ថាន ឧស្សាហកម្ម និងបច្ចេកវិទ្យាកូរ៉េដែលបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម តាមរយ:គម្រោងសិក្សាអំពីផែនការមេនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកផ្អែកលេីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅប្រទេសកម្ពុជា ដែលប្រេីប្រាស់ថវិកាជំនួយអភិវឌ្ឍន៍ក្រៅប្រទេសរបស់កូរ៉េ។
លោកប្រធានវិទ្យាស្ថាន បានថ្លែងនូវការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់កិច្ចសហការល្អដល់ក្រុមការងាររបស់លោក ព្រមទាំងការគាំទ្រលេីគម្រោងសិក្សាអំពីផែនការមេនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកផ្អែកលេីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅប្រទេសកម្ពុជា៕