រាជធានីភ្នំពេញ៖ កងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ គឺជាកងទី៩ ដែលមានកម្លាំងសរុប ៧៣នាក់ ក្នុងនោះមាននារីចំនួន ២៨នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងអនុសេនាធំសរាជអាវុធហត្ថលេខ៧៣៩ ជាកងទី១០ ដែលមានកម្លាំងសរុប ៧៣នាក់ (នារី៣៤នាក់)។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។

នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាច ក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៃតំបន់ដែលខ្លួនបានចូលរួម ពិសេសការអនុវត្តនូវវិធាននៃការការពារមេរោគកូវីដ១៩។

ពិធីទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៧,៨៩៩នាក់ ក្នុងនោះមាននារី ៥២៨នាក់។ បច្ចុប្បន្ន កងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ មានចំនួន ៧៨៧នាក់ ក្នុងនោះនារី ១១១នាក់។

សម្រាប់ឆ្នាំ២០២១ គឺជាឆ្នាំទី១០ នៃការចូលរួមបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលមានចំនួនសរុប ៧៣០នាក់ (នារី១២៤នាក់)។