កងទ័ពមួកខៀវកម្ពុជាចំនួន៤នាក់ទៀតដែលកំពុងបំពេញ បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ធ្វើឱ្យចំនួនកើនឡើង១០នាក់ ក្នុងនោះមានស្ត្រីម្នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីននិងកាកសំណល់សង្គ្រាម ។ លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានឱ្យដឹងថា អង្គការសហប្រជាជាតិបានតម្រូវឱ្យកងទ័ពមួកខៀវកម្ពុជា ដែលមានទំនាក់ទំនង ធ្វើការនិងស្នាក់នៅជាមួយគ្នានឹងអ្នកផ្ទុកមេរោគ COVID-19 នោះ ត្រូវព្យាបាលនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

លោកឧត្តមសេនីយ៍ឯក ផលសាម៉ន បានថ្លែងយ៉ាងដូច្នេះថា៖ «ដោយឡែកនៅតំបន់ហ្គាវ ដែលកងកម្ទេចគ្រឿងផ្ទុះដែលពាក់ព័ន្ធនឹង ៤នាក់នេះ ក្នុងនោះគឺមានស្ត្រីម្នាក់ស្លាប់ម្នាក់ ហើយ២នាក់ ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យកម្រិត៣ នៅតំបន់គីដាល់ល្ងាចម្សិលមិញ»។

លោកឧត្តមសេនីយ៍ឯក បានបន្តថាក្នុងចំណោមកងទ័ពមួកខៀវកម្ពុជា ទាំង១០នាក់ មានផ្ទុកវីរុសកូវីដ១៩ រួមមាន៖ កងទ័ព៣នាក់ ដែលបម្រើការងារនៅកងវិស្វកម្ម និងមានជាសះស្បើយចំនួន ២នាក់ដោយឡែកម្នាក់ទៀតកំពុងយកសំណាកពិនិត្យបន្ថែមទៀត។ ហើយនៅកងកម្លាំងកម្ទេចគ្រាប់ត្រូវបានរកឃើញចំនួន ២កន្លែង គឺនៅតំបន់ជូវិនទុស កាលពីថ្ងៃទី១០ ខែឧសភាមានសុខភាពធម្មតា រងចាំសំណាកទៅវិភាគម្តងទៀតតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក ផលសាម៉ន បានបន្ថែមទៀតថា នៅតំបន់ហ្គាវ កងកម្លាំងកម្ទេចគ្រឿងផ្ទុះរកឃើញមានផ្ទុះវីរុសកូវីដ១៩ ចំនួន ៤នាក់ ដែលបានស្លាប់ម្នាក់ គឺឧត្តមសេនីយ៍ទោ ស សាវី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

គួរជម្រាបថាបច្ចុប្បន្ននេះ កម្ពុជា មានកងទ័ពមួកខៀវកំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលីមានចំនួនជិត ៣០០នាក់ បាននិងកំពុងឈរជើងនៅក្នុងតំបន់ចំនួន៥ កន្លែងផ្សេងៗគ្នា រួមមាន៖តំបន់ទេសាលី, តំបន់គីដាល់, តំបន់ហ្គាវ, តំបន់ជីវិនទុស និងតំបន់ម៉បទី។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុបជិត ៧៨៧នាក់ក្នុងនោះនារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់,ស៊ូដង់ខាងត្បូង, ម៉ាលី,សាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងយ៉េមែន៕