ខេត្តកណ្ដាល៖ ក្រុម​ការងាររាជរដ្ឋាភិបាលចុះជួយឃុំផ្សារដែក​ស្រុកពញាឮ ដែលជាតំណាងឲ្យឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តនាំយក​បច្ច័យ​និងទេយ្យទានមួយចំនួន ដល់វត្តទាំង១០ ក្នុងឃុំផ្សារដែក។

បច្ច័យចំនួន​ 5.500.000៛​ និង​​ទេយ្យ​វត្ថុ​រួមមាន​ អង្ករ​ 2.200គីឡូក្រាម មីជាតិ​ 11កេសធំ​ ទឹក​ត្រី​ 11កេស​ ទឹកស៊ីអ៊ីវ​ 11កេស​ ត្រី​ខ​ 44យួរ​ និង​ទឹក​បរិសុទ្ធ​ 110កេស​ ដែលជាអំណោយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃ​​តាម​បណ្ដា​វត្ត​ទាំង10​ ក្នុង​ឃុំផ្សារដែក​សម្រាប់​ត្រៀម​បម្រុង​ពេល​ជួប​ការ​ខ្វះខាត​ក្នុង​ដំណាក់​កាល​នៃការ​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់​ស្កាត់​ការ​រីក​រាលដាល​​ជំងឺ​កូវីត19​ ក្នុង​សហគមន៍​ ​ និងសម្រាប់ក្នុងពិធីចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ​ដែលនឹង​ឈានចូលដល់នាពេលខាងមុខ​ ។

ទន្ទឹមនឹងនោះ​ក្រុម​ការងារ​ ក៏​បាន​សំណូមពរ​ដល់ព្រះចៅ​អធិការ​វត្ត​ទាំង​អស់​ ជួយ​ផ្សព្វផ្សាយបន្ត​ដល់ពុទ្ធបរិស័ទនិងញាតិញោមចំណុះជើងវត្ត អោយយល់ដឹង និងចេះអំពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីត​19ជាពិសេសញាតិញោមពលករមកពីក្រៅប្រទេសផងដែរ​។

សូមជម្រាបដែរថា បណ្ដាវត្តនៅគ្រប់ឃុំទូទាំងស្រុកពញាឮ បានទទួលនូវបច្ច័យ​និងទេយ្យទាន ជាបន្តបន្ទាប់ពីលោកតា ហោ និងការចូលរួមពីក្រុមការងារនៅតាមបណ្ដាឃុំនីមួយៗផងដេរ៕