ក្រុមហ៊ុនដឹកជញ្ជូនផ្នែកអវកាសឈ្មោះ SpaceXបានចុះហត្ថលេខា ជាមួយអ្នកធ្វើដំណើរដំបូងគេបង្អស់លើពិភពលោកដែលជាជនជាតិជប៉ុន​ឈ្មោះ Yusaku Maezawa ក្នុងការធ្វើដំណើរទៅភពព្រះច័ន្ទ។
Twitter/Yusaku Maezawa

មហាសេដ្ឋីពាន់លានដុល្លាររូបនេះ មានអាយុ42 ឆ្នាំ គាត់គឺជាស្ថាបនិកនិងជាប្រធានផ្នែកប្រតិបត្តិនៃហាងលក់សំលៀកបំពាក់តាមអ៊ីនធឺរណែតឈ្មោះ Zozo Digital ។

នាយកប្រតិបត្តិ លោក ElonMusk បាន​បង្ហាញវត្តមានរបស់លោក Yusaku Maezawa ជាលើកដំបូងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ(ទី១៧) ដែលបានប្រារព្ធធ្វើឡើងនៅក្នុងការិយាល័យរបស់ក្រុមហ៊ុនរ៉ុកកែតនៅរដ្ឋកាលីហ្វ័រនីញ៉ា។

ការហោះហើររបស់លោក ម៉ាហ្សេវ៉ា (YusakuMaezawa) ទៅកាន់ភពព្រះច័ន្ទ ត្រូវបានគ្រោងទុកនៅឆ្នាំ 2023 ដែលពេលបច្ចុប្បន្ននេះ គ្រាប់រ៉ុក្កែតប្រភេទ Big Falcon Rocket(BFR) កំពុងស្ថិតក្នុងការសាងសង់។

លោក Maezawa បាននិយាយថា លោកនឹងអញ្ជើញវិចិត្រករល្បី ៗ ចំនួន 6ទៅ8នាក់ដែលជាតារាល្បី ៗ មកចូលរួមជាមួយគាត់ នៅលើបេសកកម្មគន្លងតារាវិថី ដែលហោះហើរជុំវិញផែនដីនិងព្រះច័ន្ទ ដែលមានរយៈពេលមួយសប្តាហ៍៕