ភ្នំពេញ​៖ «​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​» ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ពេល​ដាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ហើយ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសាឆ្នាំ​២០២០​នេះ​។

កិច្ចប្រជុំ​ពេញអង្គ​នេះ ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មានការ​ចូលរួម​ពី​សម្តេច​តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា រួម​ទាំង​សមាជិក​សភា​សរុប​ចំនួន​១១៥​នាក់ និង​តំណាង​រាជរដ្ឋាភិបាល​ផង​ដែរ​។

ដោយ​មានការ​ឡើង​ការពារ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌ «​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​» ត្រូវ​បាន​សមាជិក​សភា​ទាំងអស់​បោះ​ឆ្នោត​គាំទ្រ​ក្រោម​សំឡេង​១១៥ លើ​១១៥​សំឡេង​។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន មាន​ចំនួន​៥​ជំពូក និង​ចែក​ចេញ​១២​មាត្រា​។ សេចក្តីព្រាងច្បាប់​នេះត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែង​ថា «​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​»​៕