លោក ថៈនីន Dhanin Chearavanont ជាអគ្គនាយកក្រុមហ៊ុន CP Group អស់រយៈពេល ៤៨ឆ្នាំ។

លោក ថៈនីន(Dhanin Chearavanont - ธนินท์ เจียรวนนท์) កើតនៅថ្ងៃទី 19 ខែមេសា ឆ្នាំ 1939 ទីក្រុងបាងកកប្រទេសថៃ មានបងប្អូន៤នាក់ បានកសាងធនធានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ តាមរយៈការបង្កើតក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនផលិតចំណីសត្វ និងសត្វចិញ្ចឹមដ៏ធំបំផុតរបស់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន CP Group ដែលជាក្រុមហ៊ុនឯកជនធំបំផុតរបស់ប្រទេសថៃនេះមានប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា កសិកម្ម ទូរគមនាគមន៍ ដឹកជញ្ជូន អចលនទ្រព្យអាហារសត្វចិញ្ចឹម ។ល។

លោក ថៈនីន បានធ្វើជាប្រធានក្រុមហ៊ុន CP Group អស់រយៈពេល ៤៨ ឆ្នាំ រហូតដល់គាត់លាឈប់ នៅក្នុងឆ្នាំ 2017 ប៉ុន្តែនៅតែជាកាន់ជាប្រធានជាន់ខ្ពស់។ លោកជាកូនទី៤ និងជាកូនពៅ ដែលមានឪពុកឈ្មោះ ឆៃ (Chia Ek Chor )។

ឪពុករបស់លោក ថៈនីន រួមជាមួយបងប្រុសរបស់លោកឈ្មោះ ឆុនឆារឿន (Choncharoen Chiaravanont) បានបើកក្រុមហ៊ុន លក់គ្រាប់ពូជ ដែលនាំចូលពីប្រទេសចិន ទៅកាន់កសិករថៃ ក្នុងឆ្នាំ១៩២១។អាជីវកម្មរបស់គ្រួសារលោក ថៈនីន មានទីតាំងភូមិសាស្រ្តទូទាំងអាស៊ី តាមរយៈការបណ្តាក់ទុននិងការធ្វើកសិកម្មតាមកិច្ចសន្យា។

នៅឆ្នាំ 1980 នៅពេលដែលប្រទេសចិន បានបើកចំហដល់ក្រុមហ៊ុនបរទេសជាឳកាសសម្រាប់ក្រុមហ៊ុនលោក CP Group បានក្លាយជាដៃគូសម្រាប់យីហោអន្តរជាតិដូចជា ក្រុមហ៊ុនហុងដា ក្រុមហ៊ុន Wal Mart និងក្រុមហ៊ុន Tesco ។

លោក Dhanin មានកូនប្រុសច្បងឈ្មោះស៊ូផាកិច(Soopakij) អាយុ 53ឆ្នាំ ដែលឈរជាប្រធានក្រុមហ៊ុនCP និងកូនពៅឈ្មោះ ស៊ូផាដៃ Suphachai អាយុ50 ឆ្នាំគឺជានាយកប្រតិបត្តិក្រុមហ៊ុន CP។​ បច្ចុប្បន្ន(ខែ៩ ឆ្នាំ ២០១៨) លោក​មានទ្រព្យសម្បត្តិរហូតដល់៣០ពាន់លានដុល្លារអាមេរិក៕