រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ហើយនេះគឺជាគម្រោងមួយផងដែរ ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េ (តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ជាថា KOICA) សម្រាប់ ការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជាដោយ មានថវិកាសរុបជិត ៨ លានដុល្លារ។

លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយក KOICA ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃគម្រោងនេះគឺ៖

១) បង្កើតគំរូបណ្តុះអាជីវកម្មនិងបណ្តាញទីផ្សារនៅកម្ពុជា

២) គាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សហគ្រិនភាពវ័យក្មេងនៅកម្ពុជា

៣) ធ្វើពិពិធកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្ម នៃបច្ចេកវិទ្យា ព័ត៌មាននិងទំនាក់ទំនង នៅកម្ពុជា

៤) និងដើម្បី ភ្ជាប់និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានរៀបចំឡើងសមស្របទៅតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌលខាងលើនេះគឺ ជាធាតុផ្សំដ៏សំខាន់ក្នុងការគាំទ្រដល់ ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ី សំរាប់ធុរកិច្ចថ្មី នៅកម្ពុជា។

យោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មានទំហំប្រហែល ២២០០ ម៉ែត្រការ៉េ ដែលមានកំពស់ ៣ ជាន់ ដោយមាន បន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម។ ដែលទាំងនេះនឹងបង្កើតនូវបរិយាកាសល្អសម្រាប់ សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវ ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់សង្គមជាតិប្រទេសកម្ពុជាយើង។