រាជធានីភ្នំពេញ៖ ពិធីប្រគល់-ទទួលម៉ូតូចំនួន ៤០០ គ្រឿង ត្រូវបានប្រារព្វឡើង នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។
ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូចំនួន ៤០០ គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈ “គម្រោងពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា” ដែលម៉ូតូទាំងអស់នោះនឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល។
ទីភ្នាក់ងារ JICA នឹងបន្តសហការជាមួយក្រសួងសុខាភិបាលដើម្បីផ្តល់នូវឧបករណ៍ និងការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀតក្នុងកំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថាការគាំទ្រទាំងនេះនឹងអាចជួយដល់បុគ្គលិកសុខាភិបាលដែលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។