រាជធានីភ្នំពេញ៖ នៅទីបញ្ជាការCMAC ក្នុងរាជធានីភ្នំពេញ លោក ហេង រតនា និងលោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ​ ក្នុងការអនុវត្តគំរោងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម​ ដោយធ្វេីសមាហរកម្មកំលាំងក្រុមកណ្តុរហិតមីន កំលាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវបច្ចេកទេស។

គម្រោងនេះមានរយៈពេល១៨ខែគិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសប៊ែលហ្ស៉ិច មានចំនួន២៨៤.៤២២ដុល្លារសហរដ្ឋអាមេរិក​ ដោយមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន ឲ្យបានប្រមាណ៤លានម៉ែត្រការ៉េ​ ស្ថិតក្នុងខេត្តព្រះវិហារ​ ផែនការនេះមានគោលដៅរំដោះស្រុកចំនួន៤​ ឱ្យអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមចុងឆ្នាំ២០២៣។

សូមបញ្ជាក់ថា​ រដ្ឋាភិបាលប៊ែលហ្សិក បានសំរេចផ្តល់កញ្ចប់ថវិកាគាំទ្រកិច្ចសហការរវាងអង្គការAPOPO និងអង្គភាពសុីម៉ាក់សំរាប់រយ:ពេល៥ឆ្នាំ​ (២០២២-២០២៦)​ សំរាប់ចូលរួមគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ​ដេីម្បីសំរេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីន ត្រឹមឆ្នាំ២០២៥​ និងសកម្មភាពបន្តក្រោយឆ្នាំ២០២៥។