រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៤ធ្នូនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តតាកែវ ។

រោងចក្រឈ្មោះ LONSO (CAMBODIA) GARMENT CO., LTD” ដែលជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានដឹងថា មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤៣៥កន្លែង។

ក្នុងថ្ងៃដដែលនេះផងដែរ CDC ក៏បាន​ឯកភាពលើការបង្កើតរោងចក្រ កេសកាតុង ឈ្មោះ NS INDUSTRIAL CO., LTD”  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង៕