ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឹកូវីដ ១៩ នេះ  កំណើននៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាមានការកើនឡើង ជាពិសេសការបង្កើតApp នានាសម្រាប់បញ្ជាទិញទំនិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

លោក តុល ញ៉ាក់ អគ្គនាយកប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានថ្លែងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ មានការកើនឡើងច្រើន លើការប្រើប្រាស់អនឡាញ ជាពិសេសលើការបញ្ជាទិញទំនិញផ្សេងៗ តាមរយៈប្រព័ន្ធApp ស្របពេលដែលប្រជាពលរដ្ឋមិនអាចចេញទៅក្រៅបាន ដោយមានក្ដីព្រួយបារម្ភពីការឆ្លងនូវជំងឺកូវីដ១៩។

ទោះជាយ៉ាងណា លោក តុល ញ៉ាក់ មិនបានបញ្ជាក់ពីទិន្នន័យចំនួននោះទេ ប៉ុន្តែលោកបានកត់សម្គាល់ជាទូទៅថា គឺមានការកើនឡើងនូវការបញ្ជាទិញ តាមរយៈអនឡាញពិតប្រាកដមែននៅក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ 19 នេះ ។

លោក តុល ញ៉ាក់ បន្ថែមថា នៅក្នុងវិបត្តិនេះ ប្រជាពលរដ្ឋ ទាំងវិស័យរដ្ឋ និងឯកជន បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក៏មានការកើនឡើងច្រើននូវចំនួនប្រជាពលរដ្ឋដែលធ្វើការងារនៅតាមក្នុងផ្ទះ មិនអាចចេញទៅណារួច ព្រោះពួកគេចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ 19  និងអនុវត្តតាមការណែនាំ ឬtamគោលការណ៍របស់ក្រសួងសុខាភិបាល។

លោកថ្លែងថា៖ «លក្ខណៈទាំងអស់នេះ អាចនិយាយថា មានការប្រែប្រួលច្រើនដែលតួនាទីបច្ចេកវិទ្យាឌីជីថល នៅក្នុងបរិបទនៃកូវីដ-19 មានការលូតលាស់ទៅលើ App  កើតច្រើន។ អាស្រ័យដូចនេះគេអាចនិយាយបានថា នៅក្នុងបញ្ហាប្រឈមនេះ បាននឹងកំពុងបង្កើតជាឱកាសនៃការទទួលបានផលប្រយោជន៍ ខណៈដែលអាជីវកម្មតាមប្រព័ន្ធអនឡាញ មានការកើនឡើងយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា »។

បើតាម លោក តុល ញ៉ាក់ បានបញ្ជាក់ថា ទន្ទឹមនឹងមានការកើនឡើងនេះ ក៏មានបញ្ហាប្រឈមខ្លះដែរ ពាក់ព័ន្ធសេវាក្នុងភ្ជាប់  និងសុវត្ថិភាពសន្តិសុខបច្ចេកវិទ្យា ព្រមទាំងការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ ដូច្នេះ ហើយបានជាក្រសួងតែងតែយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងរៀបចំបង្កើតច្បាប់នានាធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពដល់អ្នកប្រើប្រាស់៕