ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះ បាន​​អនុម័តកម្ចីចំនួន​ ២៥០លានដុល្លាដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងជំងឺរាតត្បាត​ដែលបង្កដោយវីរុស​កូ​រ៉ូ​ណា​ (COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេសបង្កើន​ជំនួយសង្គមដល់ប្រជាពល​រដ្ឋក្រីក្រ និងងាយរងគ្រោះព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម ​ដែលរួមមានសហគ្រាសខ្នាតតូចនិង​មធ្យមផងដែរ។

“ការគាំទ្រនេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃជំងឺរាតត្បាត នេះលើសុខភាព សង្គម និងសេដ្ឋកិច្ច។” លោក Masatsugu Asakawa ប្រធាន ធានាគារអភិវឌ្ឍន៍អាស៊ីមាន​ប្រសាសន៍ ដោយបន្ថែមថា “កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អប៉ុន្តែ ​COVID-19 គំរាមធ្វើឲ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោម​ក្រុមងាយរងគ្រោះដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADBដែលផ្តោតទៅលើ ការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនិងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់​កម្ពុជា។”

ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ច​បើក ចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀតនិងប្រជាពលរដ្ឋចល័តច្រើន។ ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់​ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ២០២០ ដោយសារ ការថយចុះនៃវិស័យទេសចរណ៍ ការនាំចេញសំលៀក​បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ​ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ហានិភ័យ​នៃ ការធ្លាក់ចុះនេះអាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ។

ប្រភព៖ ADB