ការឆ្លងកាត់ដំណាក់កាល នៃការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងប្រទេស ដែលមានរយៈពេលជិត២ឆ្នាំ ពិតជាមិនសាមញ្ញាពេកនោះទេសម្រាប់ម្នាក់ៗ។ បច្ចុប្បន្ន ប្រទេសយើងបានបើកដំណើរការឡើងវិញ ពេញលេញស្ទើរគ្រប់វិស័យ​។ ក្នុងនោះផងដែរ ក៏មានមនុស្សមួយចំនួនដែលបានជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ បំណុល និងវិបត្តិផ្សេងៗដែលកើតមានក្នុងគ្រួសារក៏ដូចជាអាជីវកម្ម។ 

ប្រសិនបើពេលនេះ ជីវិតរបស់អ្នកកំពុងតែជាប់គាំងនូវគំនិត ការបាក់ទឹកចិត្ត នោះអ្នកទាំងអស់គ្នាអាច សិក្សាស្វែងយល់ពីដំណោះស្រាយដូចខាងក្រោមនេះ៖

១/​ ថយក្រោយមួយជំហាន ហើយគិតទៅរឿងល្អៗដែលអ្នកធ្លាប់ឆ្លងកាត់

គ្រប់ពេលដែលអ្នកជួបប្រទះនូវបញ្ហាទុក្ខលំបាកនានា អ្នកទាំងអស់គ្នាអាចថយក្រោយមួយជំហាន​ ហើយគិតទៅលើរឿងរ៉ាវល្អៗដែលអ្នកធ្លាប់បានឆ្លងកាត់កាលពីពេលអតីតកាល។

២/ កំណត់គោលដៅថ្មីមួយទៀត

ក្រៅពីគោលដៅចាស់ៗ ដែលអ្នកធ្លាប់បានសម្រេចបានកាលពីឆ្នាំចាស់ អ្នកទាំងអស់គ្នាក៏អាច ចាប់ផ្តើមរៀបចំកំណត់នូវគោលដៅថ្មី ជាបន្តបន្ទាប់ដើម្បីឲ្យអ្នកផ្តោតអារម្មណ៍ទៅលើគោលដៅថ្មី ​ការងារថ្មីនិងប្រាក់ចំណូលបន្ថែមទៀត។

៣/វាយតម្លៃសកម្មភាពប្រចាំថ្ងៃខ្លួនឯងម្តងទៀត

ជារៀងរាល់ថ្ងៃ អ្នកគប្បីឆ្លៀតពេលឆ្លុះបញ្ចាំងពីសកម្មភាពដែលអ្នកបានធ្វើ ទៅកាន់ការងារប្រចាំថ្ងៃ ទង្វើរបស់អ្នកនិងអាកប្បកិរិយារបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួនជាដើម។​

៤/សរសេរអំពីដំណើរការដែលអ្នកបានធ្វើជាប្រចាំ

ការកត់ត្រាទុកនូវរឿងរ៉ាវដែលអ្នកធ្លាប់បានជួបប្រទះប្រចាំថ្ងៃ គឺជារឿងល្អសម្រាប់អ្នកក្នុងការចងចាំ និងយកជាមេរៀនសម្រាប់អនុវត្តឬចៀសវាងនូវថ្ងៃអនាគតឲ្យកាន់តែរីកចម្រើនថែមទៀត។

៥/ បន្តការសិក្សានិងស្វែងយល់ជារៀងរាល់ថ្ងៃ

ការសិក្សារៀនសូត្រនិងការស្វែងយល់ពីចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃ ជាអ្វីដែលមនុស្សសម័យទំនើប ត្រូវតែធ្វើហើយមិនត្រូវគិតថា ខ្លួនឯងចេះដឹងគ្រប់មុខរួចអស់ហើយនោះឡើយ។

៦/ស្វែងរកដំបូន្មានពីមនុស្សឆ្លាត

មនុស្សគ្រប់ៗគ្នាបើទោះបីជាពូកែ ល្អ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកត្រូវការមនុស្សដែលមានចំណេះដឹង បទពិសោធន៍ច្រើនជាងអ្នក និងមានភាពវៃឆ្លាតជាងអ្នកដើម្បីឲ្យពួកគាត់ផ្តល់ដំបូន្មានជូនមកកាន់អ្នកគ្រប់ពេលដែលអ្នកមានបញ្ហាជាដើម។

៧/ រក្សាភាពអត់ធ្មត់និងទំនុកចិត្តលើខ្លួនឯង

មិនថាជាកិច្ចការងារតូច ធំអ្នកគីប្បមានសេចក្តីអត់ធ្មត់ តស៊ូ និងមានទំនុកចិត្តលើខ្លួនឯងជាប់ជានិច្ច ព្រោះថា អ្វីៗក៏ដោយក៏ត្រូវការពេលវេលាសម្រាប់ធ្វើការសិក្សារៀនសូត្រ។ឧទាហរណ៍ងាយៗ​ អ្នកដាំដើមស្វាយថ្ងៃនេះ អ្នកមិនអាចទទួលបានផ្តល់នូវថ្ងៃស្អែកបានឡើយ។ដូច្នេះចូរអ្នករៀនចេះអត់ធ្មត់ និងមានជំនឿជឿជាក់មកលើខ្លួនឲ្យបានច្រើន។​

៨/ ត្រូវរក្សាភាពស្មោះត្រង់និងខ្លួនឯង

មានរូបសម្រស់ស្រស់ស្អាតពូកែ ឆ្លាតយ៉ាងណាក្តី អ្នកក៏ត្រូវតែប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួននិងរាល់កិច្ចការងារគ្រប់ប្រភេទដែលអ្នកបានជួបប្រទះ។

៩/កុំគិតច្រើនលើរឿងគ្រប់យ៉ាង

មនុស្សគ្រប់ៗគ្នាមានពេលវេលាត្រឹមតែ២៤ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះអ្នកមិនគួរយកពេលវេលាទាំងអស់នោះមកគិតច្រើនទៅលើគ្រប់រឿងរ៉ាវដែលអ្នកបានជួបប្រទះនូវឡើយ។ព្រោះថាមានរឿងរ៉ាវខ្លះ វាពិតជាត្រូវការពេលវេលាក្នុងការដោះស្រាយ៕