ដើមឈើទាំង៤ដើមខាងក្រោមនេះគួរដាំនៅមុខផ្ទះ​ ព្រោះវាត្រូវបានគេជឿថាអាចនាំសំណាង និងទ្រព្យសម្បត្តិចូលក្នុងគ្រួសារបានច្រើនៗ។

១. ដើមដូងរាសី

នេះជាប្រភេទដើមឈើដ៏ពេញនិយមបំផុតក្នុងការដាំលម្អក្នុងផ្ទះ។ ក្រៅពីលម្អក្នុងផ្ទះបានស្អាត នាំពណ៌បៃតងជំនួយភ្នែក និងផាសុកភាពរបស់មនុស្សហើយនោះ វាត្រូវបានគេចាត់ទុកថាជារុក្ខជាតិដែលទាក់ទាញសភាវៈល្អ សិរីសួស្ដី និងការជួបជុំក្នុងគ្រួសារ។ មិនតែប៉ុណ្ណោះ វាអាចកម្ចាត់វិញ្ញាណមិនល្អបានទៀតផង។

២. ដើមឫស្សី

ដើមឫស្សីជាប្រភេទរុក្ខជាតិដែលដុះឡើងស្រឡូនត្រង់ និងខ្ពស់ ស័ក្ដិសមសម្រាប់យកមកដាំនៅផ្ទះដើម្បីបង្កើនហុងស៊ុយល្អក្នុងក្រុមគ្រួសារ។ វាជារុក្ខជាតិដែលតស៊ូខ្លាំង មិនថាក្នុងភ្លៀង ខ្យល់ ឬថ្ងៃក្ដៅយ៉ាងណា ដើមឫស្សីនៅរក្សាសភាពរបស់ខ្លួនបានយ៉ាងល្អនិងត្រង់មាំ។ ឫស្សីគឺជានិម្មិតរូបនៃភាពរឹងមាំ និងអាយុយឺនយូរ។

ក្នុងន័យហុងស៊ុយ ដើមឫស្សីក៏មានអត្ថន័យល្អផងដែរ។ វាគឺជាតំណាងឱ្យស្ថានសួគ៌និងផែនដី។ ដូច្នេះនៅពេលដែលអ្នកជ្រើសរើសដាំវានៅមុខផ្ទះរបស់អ្នក ដើមឫស្សីនឹងនាំមកនូវសំណាងល្អ រាសីខ្ពស់ឡើង លុបបំបាត់គ្រោះចង្រៃ និងសំណាងអាក្រក់ចេញពីផ្ទះរបស់អ្នក។

៣. ដើមលុយ

បើនិយាយពីហុងស៊ុយ ដើមលុយគឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ការដាំនៅផ្ទះជំរុញធាតុល្អ និងលុយកាក់ហូរចូលផ្ទះគ្រឹកគ្រាក់។ វាតំណាងឱ្យសំណាងល្អ និងអាយុយឺនយូរ ហើយវាមានសមត្ថភាពក្នុងការបឺតស្រូបយកធាតុអាក្រក់ បណ្ដេញមូស ហេតុនេះហើយទើបមនុស្សភាគច្រើនចូលចិត្តដាំដើមនេះនៅខាងមុខផ្ទះ។

៤. ដើមក្រូច ឬក្រូចឆ្មារ

ក្នុងន័យហុងស៊ុយ ដើមក្រូច ឬក្រូចឆ្មារមានស្លឹករាងមូល និងមានផ្លែធ្ងន់មែក​ដែលជានិម្មិតរូបនៃភ័ព្វសំណាង និងភាពចម្រុងចម្រើន។ ប្រសិនបើដើមនេះមានផ្លែផ្កាកាន់តែច្រើន គ្រួសារអ្នកនឹងកាន់តែសម្បូរសប្បាយ មានលុយកាក់កាន់តែច្រើនឡើងដែរ។ លើសពីនេះទៅទៀតគេជឿថា បើផ្លែក្រូចនោះឡើងទុំពណ៌លឿង ឬទឹកក្រូច វាតំណាងឱ្យមាសប្រាក់ លុយកាក់៕