តើឱនភាពពាណិជ្ជកម្មគឺជាអ្វី?

ឱនភាពពាណិជ្ជកម្ម ( Trade Deficit ) កើតឡើងនៅពេលដែលតម្លៃនៃការនាំចូលរបស់ប្រទេសមួយ លើសពីតម្លៃនៃការនាំចេញរបស់ខ្លួន។ ការនាំចូល និងការនាំចេញសំដៅលើទំនិញ និងសេវាកម្ម។ 

និយាយឱ្យសាមញ្ញ ឱនភាពពាណិជ្ជកម្ម មានន័យថា ប្រទេសមួយកំពុងទិញទំនិញនិងសេវាកម្ម ច្រើនជាងការលក់។ ជាទូទៅវានឹងប៉ះពាល់ដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលដំណើរការឱនភាព។

សម្រាប់អ្នកសិក្សាក្នុងពិភពសេដ្ឋកិច្ច ឱនភាពពាណិជ្ជកម្មគឺនិយាយអំពីអតុល្យភាពរវាងអត្រាសន្សំ និងការវិនិយោគរបស់ប្រទេសមួយ។ វាមានន័យថា ប្រទេសមួយកំពុងចំណាយប្រាក់ច្រើនលើការនាំចូល ច្រើនជាងការនាំចេញ ហើយក្រោមច្បាប់នៃគណនេយ្យសេដ្ឋកិច្ច ត្រូវតែបន្ថែមបន្ថយសម្រាប់កង្វះខាតនោះ។

រីឯប្រទេសដែលនាំចេញច្រើនជាងនាំចូល គេហៅថា មានអតិរេកពាណិជ្ជកម្ម (Trade Surplus) ដែលមានភាពផ្ទុយគ្នាពី ឱនភាពពាណិជ្ជកម្ម។ 

ឱនភាពពាណិជ្ជកម្ម ប៉ះពាល់ដល់សេដ្ឋកិច្ចដែរឬទេ?

ឱនភាពពាណិជ្ជកម្ម មិនមានការជាប់ទំនាក់ទំនងជាក់លាក់ជាមួយនឹងកំណើនសេដ្ឋកិច្ចនោះទេ។ ករណីសិក្សាលើប្រទេសជប៉ុន និងអាមេរិកដោយអ្នកជំនាញសេដ្ឋកិច្ច បង្ហាញថា ក្នុងពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងឡើងខ្លាំង គឺខណៈនោះកំពុងកើតមាន ឱនភាពពាណិជ្ជកម្ម

សេដ្ឋវិទូខ្លះនិយាយថា ឱនភាពពាណិជ្ជកម្មធ្វើឱ្យប៉ះពាល់ដល់ការងារ យ៉ាងហោចណាស់ក្នុងវិស័យជាក់លាក់ណាមួយ។ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ចខ្លះ​បង្ហាញ ពី​ការ​ប៉ះប៉ូវ​កំណើន​ការងារ​ក្នុង​វិស័យមួយ​ផ្សេងវិញ។

សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មធំនិងបន្តបន្ទាប់ ព្រោះអាមេរិកនាំចូលទំនិញមានតម្លៃច្រើនជាងការនាំចេញទៅក្រៅប្រទេស ជាពិសេសពីការនាំចូលថាមពល និងបច្ចេកវិទ្យា។ អ្នកសេដ្ឋកិច្ចអះអាងថា ឱនភាពនេះគឺដោយសារតែអតុល្យភាពរវាងការសន្សំក្នុងស្រុក និងការវិនិយោគសរុបនៅក្នុងសេដ្ឋកិច្ច (ឧ. អត្រាសន្សំទាបរបស់សហរដ្ឋអាមេរិក)៕