ផាមួង គឺជាសំពត់សូត្ររបស់ខ្មែរដែលត្បាញចេញពីសសៃសូត្រ រួចរចនាជាក្បាច់ផ្កាវិចិត្រផ្សេងៗគ្នាទៅតាមប្រភេទ ពណ៌និងចំណង់ចំណូលចិត្តផ្សេងៗគ្នា ដែលប្រជាពលរដ្ឋខ្មែរពេញនិយមស្លៀកពាក់ ក្នុងពិធីបុណ្យសាសនាដូចជាចូលឆ្នាំខ្មែរភ្ជុំបិណ្ឌ និងពិធីផ្សេងៗទៀត។

ប្រជាពលរដ្ឋនៅស្រុកកោះដាច់ ខេត្តកណ្តាលភាគច្រើនប្រកបរបរត្បាញផាមួង ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការថយចុះ ដោយភាគច្រើនពួកគាត់ទៅប្រកបការងាររោងចក្រ ជំនួសពីការធ្វើតម្បាញវិញនិងកាន់តែថយចុះទៅៗទៀតនោះគឺ ក្នុងកំឡុងពេលមានវីរុស កូវី-១៩នេះ។

កំពុងអង្គុយត្បាញផាមួង នៅក្រោមផ្ទះអ្នកស្រី ចាន់ ភក្តី មានប្រសាសន៍ថា បច្ចុប្បន្នអ្នកតម្បាញនៅភូមិកណ្តាលកោះកាន់តែតិចទៅៗ ដោយសារអ្នកត្បាញមួយចំនួនប្តូរទៅធ្វើការងាររោងចក្រវិញ ជាពិសេសនោះគឺតាំងពីមានវីរុសកូវីដ១៩នេះមក ផលិតផលផាមួងដែលត្បាញបានធ្លាក់តម្លៃខ្លាំង ដោយសារតែមិនអាចនាំចេញផលិតផលនេះទៅក្រៅប្រទេសបាន។

អ្នកស្រីលើកឡើងថា៖​ «​តាំងពីមានជំងឺកូវីដ១៩ នឹងមក យកទៅក្រៅអត់បាន ម៉ូយឲ្យយើងថោកកាលមុនយកទៅក្រៅប្រទេសបាន »។

អ្នកតម្បាញរូបនេះបន្ថែមថា ដោយហេតុថាសសៃសូត្រដែលទិញចូលមានតម្លៃដដែល តែផាមួងដែលត្បាញហើយបែរជាធ្លាក់ថ្លៃស្ទើរតែពាក់កណ្តាល ដូច្នេះហើយធ្វើឲ្យអ្នកតម្បាញមួយចំនួន មានអារម្មណ៍ខ្ជិលត្បាញដោយត្រូវហត់នឿយថែមមិនទទួលបានប្រាក់ចំណេញទៀតផង។

អ្នកស្រីថា៖ « ឥឡូវថយចុះខ្លាំងណាស់ ខ្លះគេខ្ជិលគេទៅធ្វើការ កាលពីមុនបានមានអ្នកត្បាញច្រើន តែដល់ពេលគេបើករោងចក្រ អ្នកធ្លាប់ត្បាញទៅធ្វើរោងចក្រអស់ទៅ»។

និយាយបណ្តើរញាប់ដៃក្នុងការត្បាញបណ្តើរអ្នកស្រី បូ ម៉ានីត​ វ័យ ៣៣ឆ្នាំ បានលើកឡើងថា អ្នកស្រីប្រកបរបរត្បាញនេះ៥ឆ្នាំមកហើយ កាលពីមុនមក សំពត់មានតម្លៃសមរម្យ មានអារម្មណ៍ចង់ត្បាញ ទោះបីហត់ក៏ដោយតែមួយរយៈពេលកូវីដ១៩នេះ ដោយសារសំពត់មានការចុះថ្លៃ អ្នកស្រីមានអារម្មណ៍ថាខ្ជិលហើយចង់ឈប់ម្តងៗដែរ។

អ្នកតម្បាញក្នុងស្រុកកោះដាច់រូបនេះថា៖« កាលបានថ្លៃយើងប្រឹង ទោះហត់ប៉ុណ្ណាក៏ខំប្រឹងដែរដល់ពេលសំពត់(ផាមួង)ចុះថោកចឹងខ្ជិលប្រឹង ធ្វើតាមដំណើរ »។

កំពុងមម៉ាញញឹកនឹងការងារត្បាញនៅមុខផ្ទះ ដែលមានរបងព័ទ្ធជុំវិញ ងាកមកស្រ្តីវ័យ ៦២ឆ្នាំ វិញ គឺអ្នកស្រី ឌឹម សុផាត មានប្រសាសន៍មួយៗថា សំពត់សូត្រ(ផាមួង)មានការធ្លាក់តម្លៃខ្លាំង ស្របពេលដែលមានជំងឺកូវីដ១៩ហើយអ្នកតម្បាញក្នុងភូមិក៏កាន់តែតិចទៅៗដែរបច្ចុប្បន្ន។

អ្នកស្រីសុផាតបញ្ជាក់ថាការចុះថ្លៃនៃសំពត់សូត្រនេះមកពី៖ « ចុះដោយសារកំឡុងកូវីដនេះគេអត់សូវការ(អាពាហ៍ពិពាហ៍)។ អ្នកតម្បាញមានបទពិសោធន៍ជិត៤០ឆ្នាំរូបនេះបន្ថែមថាការថយចុះនៃអ្នកតម្បាញដោយសារ៖«​ ទី១គឺសសៃសូត្រឡើងថ្លៃ និងទី២ គឺដូចឥឡូវចឹងសេដ្ឋកិច្ចក៏ចុះអ្នកត្បាញក៏លក់អត់បានថ្លៃដែរ​។ កាលពីមុនសំពត់នៅតម្លៃមួយក្បិន១៥០ដុល្លារអ្នកត្បាញច្រើនណាស់មួយផ្ទះៗ តែឥឡូវសល់តែ៩០ដុល្លារទេ អ្នកត្បាញក៏អត់សូវមានដែរគេទៅរកការងារធ្វើអស់ហើយ »។

អ្នកស្រីបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃតម្លៃផាមួងខ្មែរដែលធ្វើដោយដៃ និងមានក្បាច់រចនាជាច្រើនប្រភេទនៅក្នុងឃុំកៅឧកញ្ញាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលនេះ គឺចាប់តាំងពីខែមិនាឆ្នាំ២០២០មក​ហើយអ្នកតម្បាញក្នុងភូមិក៏ថយចុះបន្តិចម្តងៗផងដែរ៕