ការបម្រែបម្រួលអាកាសធាតុ ពីមួយថ្ងៃទៅមួយថ្ងៃ បាននឹងកំពុងវិវត្តន៍ទៅមុខឈានទៅរក ការអំពាវនាវឲ្យមានការចូលរួមពីប្រទេសមហាអំណាច ក៏ដូចជា ប្រទេសនានានៅលើពិភពលោក ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

មិនខុសគ្នាប៉ុន្មានពីបណ្តាប្រទេសនៅលើពិភពលោក ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលបានរងផលប៉ះពាល់ដោយសារ បម្រែបម្រួលអាកាសធាតុនេះដែរ។

ដោយមើលឃើញនូវបញ្ហាដូច្នេះហើយ ទើបនៅចុងឆ្នាំ ២០១៥ យុវជនមួយក្រុមបានមូលមតិគ្នាជាឯកច្ឆន្ទ ដោយបង្កើតជាក្រុមមួយដែលមានឈ្មោះថា អេកូយុវទូត ឬជាភាសាអង់គ្លេស Young Eco Ambassador ដោយមានការជួយឧបត្ថម្ភពីសំណាក់ស្ថានទូតអាមេរិក អង្គការ វីនរ៉ក អ៊ីនធើរណេតធ្យិនណល Winrock International សម្ព័ន្ធសត្វព្រៃ ព្រមទាំង ក្រសួងបរិស្ថានផងដែរ។

ឈរលើស្មារតី ស្រលាញ់បរិស្ថាន និងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលគ្របដណ្តប់ដោយពណ៌បៃតង ដោយផ្តើមចេញពីឆន្ទៈរបស់យុវជន កញ្ញា កូវ ចាន់និចបច្ចុប្បន្ន ជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្រ្តបរិស្ថានជាជំនួយការផ្នែកស្វែងរកដៃគូរអភិវឌ្ឍន៍របស់ គម្រោង អេកូយុវទូត បានរៀបរាប់ថាអេកូយុវទូត មានគោលដៅ ឲ្យមានការផ្លាស់ប្តូរការរស់នៅប្រកបដោយនិរន្តភាព ដោយចាប់ផ្តើមចេញពីចំណុចដ៏តូចៗមួយ។ ជាសកម្មភាព ដែលចាន់និច បញ្ជាក់ថា ជាសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយើង រួមមាន ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការកាត់បន្ថយការប្រើប្រាស់ទឹក ជាដើម។

ចាន់និច បានសង្កត់ធ្ងន់ ទោះបីជាសកម្មភាពដែលបានរៀបរាប់ទាំងនេះមិនលេចចេញជាលទ្ធផលជាដំកំភួនធំ នៅពេលដ៏ខ្លីក៏ដោយ ប៉ុន្តែ កញ្ញាបានបង្ហាញគោលជំហរដ៏រឹងមាំថា នាពេលអនាគត ប្រជាពលរដ្ឋកម្ពុជានឹងបានយល់ដឹងពីការចូលរួមថែរក្សាបរិស្ថាន ឲ្យមានភាពស្រស់បំព្រង តាមរយៈការបញ្ជ្រាបការយល់ដឹងរបស់ក្រុមយុវជនអេកូយុវទូត។​

ក្រុមអេកូយុវទូត​ បច្ចុប្បន្ន មានសមាជិកចំនួន ៤០ រូប ដែលត្រូវបានជ្រើសរើសចំនួន ពីរដំណាក់កាល។ ដំណាក់កាលទីមួយ បេក្ខជន ត្រូវថតជាវីដេអូខ្លីមួយដែលពាក់ព័ន្ធនឹងបរិស្ថាន។ ដំណាក់កាលទីពីរ បេក្ខជន ដែលបានជាប់នៅក្នុងវគ្គទីមួយ ត្រូវឆ្លងកាត់ការសម្ភាសន៍។

កញ្ញា ហ៊ុន កែវលីដែត ជាសមាជិកមួយរូបនៅក្នុងចំណោមសមាជិក ៤០ រូប នៃអេកូយុវទូតបានរៀបរាប់ថា មានកត្តាលើកទឹកចិត្តជាច្រើនដែលធ្វើឲ្យរូបកញ្ញា ចាប់អារម្មណ៍ចង់ក្លាយជាអេកូយុវទូតនេះ។និស្សិតឆ្នាំទីពីរ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍រូបនេះបានរៀបរាប់ថា ទីមួយ ដើម្បីចង់ដឹងបន្ថែមអំពីបញ្ហាបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។  ទីពីរដើម្បីស្វែងរកឬសគល់និងដំណោះស្រាយដើម្បីឆ្លើយតបនឹងបញ្ហាបរិស្ថាន និងប្រើប្រាស់អំណាចសមត្ថភាពរបស់កញ្ញា ក្នុងនាមជាយុវជន ដើម្បីផ្លាស់ប្តូរសង្គមទៅជាសង្គមពណ៌បៃតង ឬ សង្គមមួយ ដែលរស់នៅប្រកបដោយនិរន្តភាព។

ទាំង ចាន់និច និង លីដែត សុទ្ធតែបានបង្ហាញពីគោលជំហរ និងឆន្ទៈមុះមត់ក្នុងការចូលរួមចំណែក ថែរក្សាបរិស្ថាន ដោយចាប់ផ្តើមពីចំណុចដ៏តូចៗនៅក្នុងជីវិតប្រចាំថ្ងៃ។ ចុះអ្នកទាំងអស់គ្នាវិញ???