មនុស្សភាគច្រើនយល់ថា​អាហារដែលមានរសជាតិផ្អែមនឹងបង្កទៅជារោគទឹកនោមផ្អែម ព្រោះតែជាតិផ្អែមនោះឯង។ប៉ុន្តែការកើតជំងឺទឹកនោមផ្អែម មិនមែនសុទ្ធតែបង្កដោយជាតិផ្អែមខាងក្រៅផ្ទាល់ពីអាហារដែលយើងបរិភោគនោះទេអាហារមួយចំនួនដូចជាមិនមានជាតិផ្អែមតែក៏អាចបង្កឱ្យអ្នកកើតជំងឺដ៏កាចសាហាវនេះមិនចាញ់អាហារផ្អែមប៉ុន្មានដែរ។

១. បាយអង្ករស

អង្ករសមានផ្ទុកនូវជាតិម្សៅច្រើនហើយនៅពេល​ញ៉ាំវាច្រើន វានឹងបំលែងទៅជាជាតិស្ករ។ នេះជាហេតុផលដែលរាល់ពេលញ៉ាំអាហារដែលមានជាតិអង្ករពណ៌សកម្រិតជាតិស្ករដែលនៅក្នុងឈាមរបស់យើងតែងតែឡើងខ្ពស់។ដូច្នេះវាអាចបង្កហានិភ័យចំពោះសុខភាព ជាពិសេសអ្នកដែលបម្រុងនឹងកើតឬកំពុងតែកើតជំងឺទឹកនោមផ្អែមផងនោះ អ្នកមិនគួរបរិភោគបាយដែលដាំពីអង្ករសឡើយគួរបរិភោគបាយអង្ករសម្រូប និងបន្លែឱ្យបានច្រើន។

២. ដំឡូងបារាំងបំពង

ពពួកដំឡូងបារាំងបំពងបែបស្រួយឬអាហារបំពងផ្សេងទៀតមានផ្ទុកជាតិប្រេង និងខ្លាញ់ច្រើន។ អាហារទាំងនេះសុទ្ធតែជាសារធាតុដែលមិនល្អចំពោះសុខភាពជាពិសេសសម្រាប់អ្នកកើតទឹកនោមផ្អែមឡើយ។ នៅពេលដែលអ្នកញ៉ាំវាច្រើនពេកកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនឹងឡើងយ៉ាងឆាប់រហ័ស និងមិនងាយចុះវិញឡើយព្រោះជាតិខ្លាញ់ត្រូវការពេលយូរដើម្បីរំលាយ។

៣. នំប៉័ងស

នំប៉័ងសគឺផ្សំឡើងពីធញ្ញជាតិដែលយកទៅចម្រាញ់មិនមែនធញ្ញជាតិសុទ្ធពីធម្មជាតិតែម្ដងឡើយ។ អ្នកដែលបរិភោគអាហារបែបនេះច្រើននិងញឹកញាប់ កម្រិតជាតិស្ករក៏នឹងកើនឡើង ហើយជាមួយគ្នានេះដែរពួកគេក៏ប្រឈមហានិភ័យខ្ពស់ជាមួយជំងឺទឹកនោមផ្អែម។

៤. ទឹកជ្រលក់ប៉េងប៉ោះកំប៉ុង

ទឹកជ្រលក់ប៉េងប៉ោះកំប៉ុងមានរសជាតិរំញោចខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា ពួកវាមានផ្ទុកជាតិស្ករច្រើនលើសពីអ្វីដែលអ្នកបានគិត។ មួយស្លាបព្រាបបាយដែលអ្នកប្រើសម្រាប់ទឹកប៉េងប៉ោះមានផ្ទុកស្ករចាប់ពីមួយស្លាបព្រាកាហ្វេឡើងទៅឯណោះ។ ដូច្នេះការញ៉ាំអាហារដែលប្រើទឹកប៉េងប៉ោះច្រើនពេក នឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងហើយយូរៗទៅនឹងប៉ះពាល់ដល់សុខភាព។

៥. ពពួកស៊ុបកំប៉ុង

ស៊ុបត្រូវបានចម្អិនឡើងដោយប្រើគ្រឿងផ្សំស្រស់ៗដែលល្អចំពោះសុខភាព។ប៉ុន្តែពពួកស៊ុបកំប៉ុងដែលគេវេចខ្ចប់ឱ្យទុកបានយូរហើយគ្រាន់តែយកមកកម្ដៅអាចញ៉ាំបានភ្លាមនោះសុទ្ធតែត្រូវបានបន្ថែមគ្រឿងផ្សំជាច្រើនដែលរាងកាយរបស់អ្នកពិបាកគ្រប់គ្រងដូចជាសេរ៉ូពោត ស្ករ អំបិល និងគ្រឿងផ្សំមិនល្អចំពោះសុខភាពផ្សេងទៀត។ដូច្នេះប្រសិនបើអ្នកទទួលទានគ្រឿងផ្សំទាំងនេះអ្នកនឹងប្រឈមជាមួយជំងឺកាចសាហាវជាច្រើនដូចជា មហារីក និងទឹកនោមផ្អែមជាដើម៕