តារាស្រីអន្តរជាតិបែបយុវវ័យមួយក្រុមដែលមានសមត្ថភាពពហុជំនាញ កំពុងតែអូសទាញបេះដូងអ្នកគាំទ្រឱ្យមានការស្រឡាញ់ពេញចិត្តជាមួយពូកគេជាខ្លាំង។ ក្នុងនោះផងដែរមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែតារាស្រី BlackPink ថែមទាំងមានរូបរាងនិងសម្រស់ ដែលជាទីប្រាថ្នារបស់ប្រិយមិត្តនារីៗជាច្រើនថែមទៀតផង។ ដូច្នេះហើយក្នុងអត្ថបទនេះ នឹងបង្ហាញពីអាថ៌កំបាំងថែរក្សាសម្រស់របស់អ្នកទាំង៤ខាងក្រោមនេះ៖

១. កញ្ញា Jennie: ថ្វីត្បិតតែជាតារារូបនេះមានកម្ពស់ទាបជាគេក្នុងក្រុមក៏ដោយ ក៏ប៉ុន្តែរូបរាងរបស់នាងគឺសមរូបសមរាងដែលធ្វើឱ្យអ្នកគាំទ្រមើលទៅមានភាពប្លែកស្អាត តូចច្រឡឹងស្របជាមួយនឹងការចេះរៀបចំខ្លួនដោយការជ្រើសរើសសម្លៀកបំពាក់ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នាងដាច់ខាតមិនទទួលទានមីកញ្ចប់ឡើយ។ ដូចដែលយើងបានដឹងហើយពីផលប៉ះពាល់ផ្សេងៗក្នុងការទទួលទានមីកញ្ចប់ ដោយសារមីកញ្ចប់ត្រូវការពេលវេលាយូរដើម្បីរំលាយ ហើយថែមទាំងមានសារធាតុរក្សាទុកថែមទៀតផង ដូច្នេះហើយវាអាចធ្វើឱ្យអ្នកដែលទទួលទានញឹកញាប់ឡើងទម្ងន់យ៉ាងឆាប់រហ័ស។

២.កញ្ញា Rose: សម្រាប់មនុស្សជាច្រើនប្រាកដជាគិតថាការទទួលទានទឹកក្ដៅច្រើនជារឿងល្អ ប៉ុន្តែសម្រាប់តារាស្រីរូបនេះ មានទម្លាប់ទទួលទានទឹកត្រជាក់ជាមួយបន្លែស្រស់ៗ ព្រោះវាជួយឱ្យមានអារម្មណ៍ស្រស់ថ្លានិងឆាប់ឆ្អែត។ ម្យ៉ាងវិញទៀតនាងមិនសូវចូលចិត្ត បរិភោគប្រភេទសាច់សត្វទេ ជាពិសេសអាហារដែលមានកាឡូរីខ្ពស់។ ចំពោះអាហារជាប្រចាំរបស់កញ្ញា Rose គឺ ផ្លែឈើមានរសជាតិជូរ សាឡាដ និងទឹកត្រជាក់។

៣.កញ្ញា Lisa: ស្ទើរតែរកកន្លែងទាស់គ្មានតារាស្រីរូបនេះក៏មានអាថ៌កំបាំងមួយ ដែលអ្នកគាំទ្រជាច្រើនចង់ដឹងពីការថែរក្សាសម្រស់ ក៏ដូចជារូបរាងដ៏ទាក់ទាញរបស់នាងនោះគឺការហាត់ ប្រាណបែបប្លែកពីអ្នកដទៃរបស់នាងដែលចូលចិត្តហាត់ប្រដាល់ ហើយក៏ចូលចិត្តហាត់ក្បាច់រាំណាដែលពិបាកៗ ទើបធ្វើឱ្យរាងកាយរបស់នាងបត់បែនបានលឿន និងមានចង្កេះតូចច្រឡឹងគួរឱ្យច្រណែន។ កញ្ញាLisa ប្លែកពីគេបន្តិចដោយនាងមិនសូវចូលចិត្តតមអាហារ ទេ ប៉ុន្តែនាងចូលចិត្តហាត់ប្រាណច្រើនជាង។

៤.កញ្ញា Jisoo: សម្រស់ដ៏មានមន្តស្នេហ៍របស់នាង បានទាក់យកបេះដូងមនុស្សជាច្រើនធ្វើឱ្យមានសុភាពនារីជាច្រើនចង់ដឹងពីវិធីថែរក្សារូបរាង ក៏ដូចជាសម្រស់របស់នាង។ តារាស្រីមានមន្តស្នេហ៍រូបនេះជាប់ឈ្មោះជាតារាដែលចំណាយលុយទៅលើគ្រឿងសម្អាងច្រើនជាងគេ ព្រោះនាងយល់ថា នៅពេលដែលចេញទៅណាបើទោះបីជាមិន Make Up ក៏ដោយក៏មានអារម្មណ៍ថាជឿជាក់ចេញពីខាងក្នុងដូចគ្នា។​ សម្រាប់វីធីហាត់ប្រាញដែលនាង ចូលចិត្តជាងគេនោះគឺយូហ្គា។

ក្រោយពីបានដឹងអាថ៌កំបាំងរបស់តារាលំដាប់អន្តរជាតិទាំង៤ហើយ អ្នកទាំងអស់គ្នាអាចយកមកអនុវត្តតាមបាន ដូចជាការយកចិត្តទុកដាក់ជាមួយរបបអាហារប្រចាំថ្ងៃ ដែលវីតាមីន ជាពិសេសវីតាមីនពីបន្លែធម្មជាតិ ម្យ៉ាងទៀតការយកចិត្តទុកដាក់ ជាមួយការធ្វើលំហាត់ប្រាណជាប្រចាំ​ និងការថែរក្សាសម្រស់ដោយការជ្រើយយកផលិតផលល្អៗសមជាសុខភាពស្បែក៕