មនុស្សស្រីភាគច្រើន ពិតជាចង់ដឹងខ្លាំងណាស់ថា មនុស្សប្រុសគិតអ្វី? ហេតុអ្វីបានជាមនុស្សប្រុសចូលចិត្ត មានមិត្តស្រីច្រើន? ហើយថាតើមនុស្សប្រុសមានជម្រៅចិត្ត និងការគិតដូចម្តេច ហេតុអ្វីបានចេះតែចង់មាន មិត្តស្រីច្រើនដូច្នេះ? ខាងក្រោមនេះ គឺជាចម្លើយដែលមនុស្សស្រីតែងតែចង់ដឹង:

១.មនុស្សប្រុស ក៏ឆាប់មានអារម្មណ៍ដូចមនុស្សស្រីដែរ

មនុស្សប្រុសក៏ជាភេទដែលងាយមានរំញោចអារម្មណ៍ដូចមនុស្សស្រីដែរ ប៉ុន្តែគ្រាន់តែមនុស្សប្រុស មិនងាយសម្តែងចេញមកក្រៅតែប៉ុណ្ណោះ។ ភាពខុសគ្នាត្រង់ថា មនុស្សស្រីមានសិទ្ធិបង្ហាញពីអារម្មណ៍ទុក្ខព្រួយ ភ័យខ្លាចរបស់ខ្លួនតាមរយៈការស្រក់ទឹកភ្នែក រីឯមនុស្សប្រុសវិញគឺគ្មានសិទ្ធិពិសេសនេះឡើយ។ ដូច្នេះរាល់ការឈឺចាប់របស់មនុស្សប្រុស គឺពិតជាពិបាកបំភ្លេចខ្លាំងណាស់។

២.ងាយរងឥទ្ធិពលពីមិត្តភក្តិ

មិត្តភក្តិស្រី គឺនិយមចូលចិត្តចំណាយពេលវេលាច្រណែននិន្ទា និងនិយាយដើមគ្នាទៅវិញទៅមក។ ចំណែកមនុស្សប្រុសវិញ រាល់មតិយោបល់នីមួយៗមិនថា តិចឬច្រើនពីមិត្តភក្តិប្រុស គឺសុទ្ធសឹង តែអាចមានឥទ្ធិពលដល់ការសម្រេចចិត្តដល់ពួកគេម្នាក់ៗយ៉ាងខ្លាំង។ ក្នុងនោះផងដែរមនុស្សប្រុស គឺនិយមចូលចិត្តរាប់អានមិត្តភក្តិទាំងឡាយណា ដែលមានចំណង់ចំណូលចិត្តដូចខ្លួន ជាជាងមនុស្សប្រុសដែលចូលចិត្តផ្សេងគ្នា។

៣.មនុស្សប្រុស ចង់មានទំនាក់ទំនងជាមួយមនុស្សស្រីច្រើន

ចំពោះដំណាក់កាលយុវវ័យ គឺជាវ័យដែលមនុស្សប្រុសចូលចិត្តបង្ហាញ ពីទាក់ទាញរបស់ខ្លួនទៅកាន់ភេទផ្ទុយ ដែលនៅក្បែរខ្លួន ហើយវាគឺជាសេចក្តីសុខដែលពួកគេតែងតែប្រាថ្នាចង់បាន ដែលជាទំនាក់ទំនងក្នុងដែនកំណត់មួយ សម្រាប់ជីវិតរបស់គេ តែយ៉ាងណាមិញ នៅពេលដល់ដំណាក់កាលមួយ ពួកគេនឹងមាននូវចិត្តភក្តីភាព មិនសូវរាប់អានមនុស្សស្រីច្រើន និងពេញចិត្តចំពោះដៃគូ ព្រោះថាពួកគេក៏ត្រូវការស្នេហាភក្តីមួយផងដែរ។

៤.ចិត្តជាទេវទត្ត រីឯមាត់ជាទេវតា

ប្រាកដណាស់ថា មនុស្សប្រុសមិនចូលចិត្តការបង្ហាញសេចក្តីស្នេហា តាមរយៈពាក្យសម្តីនោះឡើយ។ មនុស្សប្រុសចូលចិត្តឲ្យដៃគូបង្ហាញសេចក្តីស្នេហា តាមរយៈសកម្មភាពដែលបង្ហាញពី ការយកចិត្តទុកដាក់ ច្រើនជាងបង្ហាញភាពផ្អែមល្ហែម។

៥.មនុស្សប្រុស មិនសូវសម្បូរភាពអត់ធ្មត់ដូចមនុស្សស្រីឡើយ

គ្រប់មនុស្សប្រុសទាំងអស់ គឺមានអត្តចរិតដូចគ្នា ពោលថាពួកគេមិនសូវសម្បូរភាពអត់ធ្មត់ ដូចមនុស្សស្រីឡើយ។ដូច្នេះបានជាមនុស្សប្រុស មិនងាយអាចសម្រេចបាននូវ កិច្ចការងារតូចៗ និងស្មុគស្មាញច្រើនដូចមនុស្សស្រី។

៦.មនុស្សប្រុសមានអត្តចរិតមិនសូវទន់ភ្លន់

តាមពិតទៅមនុស្សប្រុស ក៏អាចមានសមត្ថភាពបង្ហាញពីភាពទន់ភ្លន់របស់ខ្លួនទៅកាន់ដៃគូប៉ុន្តែ ភាគច្រើន ពួកគេមិនបង្ហាញឲ្យដៃគូបានដឹងឡើយ។ ដូច្នេះមនុស្សស្រីមិនគួរបង្ខំពួកគេឲ្យបង្ហាញភាព ទន់ភ្លន់ចំពោះខ្លួនឡើយប្រសិនបើពួកគេមិនព្រមធ្វើវាដោយខ្លួនឯង។

៧.មនុស្សប្រុសមានទម្លាប់ រក្សាភាពស្ងប់ស្ងាត់

មនុស្សប្រុសមិនសូវចូលចិត្តនិយាយច្រើនដូចជាមនុស្សស្រីឡើយ ប៉ុន្តែពួកគេនិយមចូលចិត្ត ស្តាប់មនុស្សស្រីនិយាយច្រើនជាង។ ហើយនេះក៏ជាអត្តចរិតរបស់មនុស្សស្រី និងមនុស្សប្រុសដែលមាន លក្ខណៈខុសប្លែកពីគ្នាតាំងពីកំណើត។

សរុបរួមមកវិញខាងលើនេះ គឺជាអាថ៌កំបាំងដួងចិត្តដែលមនុស្សប្រុស ចង់ឲ្យមនុស្សស្រីជាទីស្រឡាញ់ បានដឹង។ ហើយមនុស្សប្រុសកាន់តែចង់ឲ្យមនុស្សស្រីបានដឹងថា ពួកគេមិនចូលចិត្តឲ្យមនុស្សស្រី គ្រប់គ្រងនិងត្រួតត្រាមកកាន់ខ្លួនឡើយ។ ហេតុនេះដើម្បីឲ្យទំនាក់ទំនងរបស់ខ្លួនមានរយៈពេល យូរអង្វែងមនុស្សស្រីគួរតែព្យាយាមកាត់បន្ថយអត្តចរិតត្រួតត្រាមកកាន់ដៃគូរបស់ខ្លួន៕