បច្ចុប្បន្នយុវវ័យជាច្រើនដែលមានបញ្ហាជាមួយនឹងការកង្វល់ ភ័យព្រួយខ្លាចរូបសម្រស់ចាស់ជ្រីវជ្រួញទៅថ្ងៃខាងមុខ តាមវ័យរបស់ខ្លួន។ ហើយយើងឃើញច្បាស់ណាស់ទៅហើយ អ្នកដែលគាត់មិនបានការពារជាមុន កាលពេលដែលនៅជាយុវវ័យ បច្ចុប្បន្នព្យាយាមកែកុនសម្រស់ឱ្យនៅតែក្មេង ដែលការធ្វើបែបនេះអាចបង្កហានិភ័យដល់សុខភាពស្បែកបាន។​ ហើយខាងក្រោមនេះជារឿងដែលយុវវ័យគ្រប់រូបត្រូវត្រៀមអនុវត្តការពារស្បែកកុំឱ្យចាស់តាមអាយុ៖

១.ជ្រើសរើសផលិតផលគ្មានជាតិកាត់៖ 

ផលិតផលដែលអ្នកកំពុងប្រើអាចបង្កផលល្អ ឬអាក្រក់ទៅថ្ងៃ ខាងមុខស្រេចលើអ្នកជាអ្នកជ្រើសរើស។ យ៉ាងណាមិញផលិតផលដែលជួយការពារស្បែកមុខកុំឱ្យជ្រួញបានទៅថ្ងៃខាងមុខ ត្រូវតែជ្រើសយកផលិតផលដែលគ្មានជាតិកាត់ ហើយបើកាន់តែធម្មជាតិគឺកាន់តែល្អ។

២.ការម៉ាស្សាផ្ទៃមុខ៖ 

ស្បែកមុខក៏ត្រូវការការម៉ាស្សាដូចជារាងកាយដែរ​ ពីព្រោះថានៅពេលដែលស្បែកបានទទួលការម៉ាស្សាថ្នមៗ ធ្វើឱ្យស្បែករបស់អ្នកភ្លឺ ចរន្តឈាមនៅផ្ទៃមុខក៏ដំណើរការល្អ មិនផ្ដុំគ្នាកកើតជាមុន​ ហើយម្យ៉ាងវិញទៀតការធ្វើបែបនេះ ជួយសម្រួលដល់អារម្មណ៍បានស្រស់ស្រាយ។

៣.ការគេងពីព្រលប់ និងភ្ញាក់ពីព្រលឹម៖​ 

ការគេងបានគ្រប់គ្រាន់សម្ដៅដល់ការគេងបានគ្រប់ចំនួនម៉ោងដែលកំណត់ ក៏ប៉ុន្តែប្រសិនបើអ្នកចូលគេងពីព្រលប់បន្ដិច ហើយភ្ញាក់មកវិញនៅពេលព្រឹកព្រលឹម ខួរក្បាលក៏ធ្វើការបានល្អ ដែលជួយឱ្យស្បែកអ្នកចាំពីខាងក្នុងមកវិញ។

៤.កាត់បន្ថយស្រ្តេស៖​ មនុស្សដែលមានស្រ្តេសខ្លាំង សុខភាពរាងកាយនិងរូបសម្រស់ ឆាប់ចាស់ជាងមនុស្សដែលមានភាពរីករាយ ហើយទាំងនេះហើយដែលធ្វើឱ្យអ្នកឆាប់ចាស់ដោយមិនដឹងខ្លួន ទាំងដែលមនុស្សស្រករអ្នកគេនៅក្មេងហើយមានសុខភាពល្អ។ ដូច្នេះអ្នកគួរតែរកវិធីសាស្រ្តដើម្បីបន្ថយភាពតានតឹងទាំងនោះ។ 

៥.ការសមាធិផ្លូវចិត្ត៖ យុវវ័យជាច្រើនបានមើលរំលងចំណុចមួយនេះ ដោយគិតថាការសមាធិសាកសមជាមួយតែមនុស្សចាស់ប៉ុណ្ណោះ ក៏ប៉ុន្តែមិនដូច្នេះទេ ការសមាធិនូវអំឡុងពេលអ្នកជាយុវវ័យ អាចជួយកាត់បន្ថយ ឬពន្យាភាពចាស់បានទៀតផង។

៥ចំណុចខាងលើនេះបន្ទាប់ពីអ្នកទាំងអស់គ្នាបានអានហើយ សង្ឃឹមថាអាចជួយជាគន្លឹះ មួយសម្រាប់ដាស់តឿនស្មារតីអ្នកទាំងអស់គ្នាឡើងវិញ ដើម្បីកុំឱ្យមានការធ្វេសប្រហែសលើចំណុចតូចតាចទាំងនោះ ដែលអាចជួយដល់សម្រស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕