ការចងចាំរឿងអាក្រក់ៗពីនរណាម្នាក់មិនមែនជារឿងល្អនោះឡើយ ដោយសារតែយើងត្រូវតែមានគំនិតវិជ្ជមានជានិច្ចចំពោះមនុស្សជុំវិញខ្លួន ដើម្បីធ្វើឱ្យជីវិតអ្នកមិនមានបញ្ហាស្មុគស្មាញច្រើន។ ក៏ប៉ុន្តែនៅមានរឿងមួយចំនួនទៀត ដែលអ្នកត្រូវតែចងចាំ និងកត់ចំណាំរឿងអាក្រក់ទាំងនោះដូចគ្នា ដើម្បីឱ្យអ្នករៀនស្គាល់ពីមនុស្សបានកាន់តែច្រើនសណ្ឋាន។ ហើយអត្តចរិតរបស់បុគ្គលទាំង៥ប្រភេទខាងក្រោមនេះហើយ ដែលអ្នកត្រូវចងចាំទុក៖

១.ស្គាល់អ្នក នៅពេលមានបាន

រាប់អានអ្នកនៅពេលដែលអ្នកមានលុយ មានសម្ភារៈល្អៗទំនើបៗ ប៉ុន្តែធ្វើជាមិនស្គាល់មិនរាក់ទាក់ នៅពេលដែលអ្នកគ្មានអ្វីសោះនៅក្នុងខ្លួន។ សាកសមបំផុតឱ្យអ្នកចងចាំបុគ្គលប្រភេទនេះទុក ដើម្បីសម្គាល់ថាមនុស្សប្រភេទនេះ មិនបានរាប់អានអ្នកដោយចិត្ត ដោយចេះដូងឡើយ ប៉ុន្តែការរាប់អានគេចំពោះអ្នកគឺសម្ដៅដល់ប្រយោជន៍របស់គេច្រើនជាង។

២.ចោលអ្នក នៅពេលដែលអ្នកមានបញ្ហា

ទទួលស្គាល់ថាបញ្ហាផ្ទាល់ខ្លួនគឺជាទំនួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ប៉ុន្តែនៅពេលខ្លះយើងក៏ត្រូវការការលើកទឹកចិត្ត នៅក្បែរសួរនាំ ការបារម្ភពីមនុស្សនៅជុំវិញខ្លួន ដើម្បីជួយជាកម្លាំងចិត្តឱ្យយើងប្រឈមជាមួយបញ្ហាបានដោយរីករាយ។ ហើយប្រសិនបើអ្នកជួបជាមួយបុគ្គលដែលតែងតែព្យាយាមទុកយើងចោល រាល់ពេលដែលយើងជួបបញ្ហាសូមកុំបន្តទំនាក់ទំនងជាមួយទៀតអី មិនថាជាទំនាក់ទំនងបែបណាក៏ដោយ ទុកគេត្រឹមតែជាមនុស្សស្គាល់គ្នាធម្មតាប្រសិនបើអ្នកជៀសពីគេមិនបាន។

៣.បោះបង់អ្នកចោល នៅពេលដែលអ្នកគ្មានសល់អ្វី

អាចថាគេជាមនុស្សម្នាក់ដែលល្អជាមួយអ្នកបំផុត និងជិតដិតជាមួយអ្នកខ្លាំងនៅពេលដែលអ្នកមានអ្វីគ្រប់យ៉ាង ក៏ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមបាត់បង់អ្វីៗគ្រប់យ៉ាង គេក៏ក្លាយជាមនុស្សម្នាក់ដែលមិនសូម្បីតែមើលមុខអ្នក។ ហើយការយកចិត្តទុកដាក់ដែលធ្លាប់ផ្ដល់ឱ្យអ្នកកាលពីមុន ក៏ចាប់ផ្ដើមរលាយទៅតាមទ្រព្យសម្បត្តិ មុខមាត់របស់អ្នកដូចគ្នា។

៤.មនុស្សពេបជ្រាយ

មនុស្សបែបនេះភាគច្រើនគេស្គាល់អ្នកគ្រប់កាលៈទេសៈ មិនថាអ្នកក្រមាន ល្អអាក្រក់យ៉ាងណានោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះគេអាចនឹងសួរនាំសុខទុក្ខរបស់អ្នកទៀតផង។ក៏ប៉ុន្តែនៅពីក្រោយខ្នងរបស់អ្នកឬនៅចំពោះមុខអ្នកដទៃ គេពេបជ្រាយពីអ្នក សើចចំអកការបរាជ័យរបស់អ្នក ហើយយករឿងរបស់អ្នកទុកជាប្រធានបទ សម្រាប់យកនិយាយឱ្យគេសើចសប្បាយលើគំនរទុក្ខអ្នកដទៃ។ មនុស្សប្រភេទនេះគេហៅថា ល្អពីមុខចាក់រុកពីក្រោយ។

៥.ពឹងអ្នកបាន តែអ្នកពឹងវិញមិនបាន

នៅពេលដែលគេជួបបញ្ហាមានការលំបាកអ្វីមួយ មិនថាគេត្រូវការជំនួយជាថវិការ ឬពឹងឱ្យអ្នកជួយជាកម្លាំងយ៉ាងណាទេ អ្នកមិនធ្លាប់បដិសេធ ឬមានពាក្យប្រកែកអ្វីសោះឡើយ គឺតែងជួយអស់ពីសមត្ថភាព និងកម្លាំងចិត្តកាយរបស់អ្នក។ ប៉ុន្តែនៅពេលដែលអ្នកត្រូវការជំនួយពីគេវិញ អ្វីដែលអ្នកទទួលបានគឺការបដិសេធគ្រប់ពេល។

សរុបមកវិញបុគ្គលដែលមានអត្តចរិតទាំង៥ប្រភេទដូចខាងលើនេះ អ្នកត្រូវតែចងចាំទុកក្នុងចិត្តដោយការពិចារណា ក៏ព្រោះមនុស្សទាំងអស់សុទ្ធតែមានការលំបាក និងហេតុផលរៀងខ្លួន។ ដូច្នេះហើយដើម្បីឱ្យអ្នកជៀសផុតពីការកត់ចំណាំបែបមិនល្អបែបនេះពីអ្នកដទៃ អ្នកត្រូវតែប្រព្រឹត្តិខ្លួនឱ្យបានល្អបំផុត៕