មនុស្សស្រីនៅពេលដែលនាង មានវ័យកាន់ច្រើននឹងធ្វើឱ្យចំណង់ក្នុងរឿងស្នេហាថយចុះ ក៏ព្រោះតែបញ្ហាស្នេហាលែងជារឿងសំខាន់ចំពោះនាងទៀតហើយ ព្រោះមានទំនួលខុសត្រូវជាច្រើនដែលឱ្យស្រ្តីត្រូវដោះស្រាយ ដើម្បីគ្រួសារ ហើយក៏ដើម្បីអនាគតទៅខាងមុខរបស់ខ្លួន ព្រោះនៅសម័យនេះស្រីមិនមែនត្រឹមតែជាស្រ្តីមេផ្ទះតែមួយមុខឡើយ។ មានមូលហេតុជាច្រើនដែលធ្វើឱ្យស្រ្តីកាន់តែចាស់ចិត្តចាស់គំនិត លែងខ្វល់ខ្វាយជាមួយរឿងស្នេហា ហើយអ្នកនឹងបានដឹងបន្ទាប់ពីបានអានអត្ថបទនេះរួច។

១.ផ្ដោតសំខាន់ទៅលើអនាគត៖ ស្នេហាលែងសំខាន់ចំពោះនាងទៀតហើយ បន្ទាប់ពីការគិតបានវែងឆ្ងាយពីរឿងអនាគតដែលត្រូវដើរទៅជាមួយរហូត ត្រូវធ្វើយ៉ាងណាឱ្យថ្ងៃអនាគតបានប្រសើរ បានការងារល្អ ត្រូវរស់នៅឱ្យចុះជាមួយសង្គមបច្ចុប្បន្នដែលចេះតែដើរទៅមុខរហូត បើទោះបីជាអ្នកឈប់ដើរក៏ដោយ។

២.គោលដៅ៖ បច្ចុប្បន្ននាងអាចកំពុងដៅគោលដៅរបស់ខ្លួនដែលត្រូវប្រើពេលវេលា ត្រូវប្រើកម្លាំង ប្រើសមត្ថភាពជាច្រើនដើម្បីសម្រេចបានគោលដៅនោះ ដូច្នេះហើយតើនាងមានពេលវេលាណាមកគិតរឿងស្នេហាទៅ បើពេលវេលាត្រូវចំណាយលើគោលដៅអស់បាត់ទៅហើយ។

៣.ការងារ៖ មនុស្សស្រីកាន់តែមានវ័យច្រើនកាន់តែមានទំនួលខុសត្រូវជាមួយការងារ ហើយរឹតតែមានភាពម៉ត់ចត់ជាមួយការងារទៀតផង ដែលកម្រទៅមានស្នេហាអំឡុងពេលការងារនៅពេញបន្ទុក ព្រោះថាស្នេហាជារឿងទីពីរបន្ទាប់ពីការងារតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតបើមានស្នេហាត្រូវតែចែកពេលវេលារបស់ការងារខ្លះទៅឱ្យដៃគួជាក់ជាមិនខាន។

៤.គ្រួសារ៖ មនុស្សស្រីពិតជាមានបនោសញ្ចេតនាច្រើនជាងមនុស្សប្រុស ជាពិសេសជាមួយក្រុមគ្រួសារ ដែលគ្រួសារពិតជាសំខាន់ខ្លាំងជាងអ្វីទាំងអស់ ត្រូវមានពេលវេលាដើម្បីជួបជុំ មានពេលវេលាកំសាន្តជាមួយគ្រួសារជានិច្ចដើម្បីបញ្ចូលថាមពលខ្លះបន្ទាប់ពីការងារ ការគិតរឿងអនាគតនឹងឯង។

៥.មានបទពិសោធន៍ឈឺចាប់៖ អាចនិយាយបានថាធ្លាប់ត្រូវបានគេក្បត់ចិត្ត ធ្វើបាបចិត្ត ធ្លាប់ត្រូវបានគេបោះបង់ជាដើម ដែលជាហេតុធ្វើឱ្យអ្នកពេលដែលមានវ័យកាន់តែច្រើនកាន់តែគិតរឿងស្នេហា ថាជារឿងឥតប្រយោជន៍មានតែការឈឺចាប់ម្ដងហើយម្ដងទៀត។

បើអ្នកកំពុងតែមានអារម្មណ៍បែបនេះ អ្នកជាមនុស្សម្នាក់ដែលមានចិត្តគំនិតចាស់ទុំ ឱ្យតម្លៃលើគ្រួសារ ការងារ អនាគតអ្នកបានច្រើន ហើយរឿងស្នេហាអ្នកប្រាកដជាមិនសូវរវីរវល់វាទៀតនោះទេ មិនដូចជាយុវវ័យមួយចំនួនតូចនៅក្នុងពេលបច្ចុប្បន្នដែលភ័យព្រួយ និងយកពេលវេលាមកគិតតែពីរឿងស្នេហានោះឡើយ៕