មានមនុស្សច្រើននាក់ណាស់ដែលចូលចិត្តអង្គុយញ៉ាំអាហារនៅមុខកុំព្យូទ័រ ដើម្បីចំណេញពេលវេលាបន្តការងារ ឬមើលរឿងដែលខ្លួនកំពុងជក់ជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា ទម្លាប់បែបនេះគឺជាទង្វើមិនល្អ និងអាចប៉ះពាល់សុខភាពបាន។

១. បង្កឱ្យមានអាការហើមពោះនិងពិបាករំលាយអាហារ

ក្នុងពេលកំពុងញ៉ាំ ដើម្បីឱ្យអាហាររំលាយបានងាយ យើងត្រូវអង្គុយឱ្យបានស្រួលខ្លួន និងសម្រាកនៅពេលញ៉ាំ។ ឧបករណ៍អេឡិចត្រូនិក ឬក៏កុំព្យូទ័រអស់នេះនឹងទាញអារម្មណ៍របស់អ្នកមិនឱ្យទំពារឱ្យបានម៉ត់ល្អ ឬមិនផ្ដោតអារម្មណ៍លើការញ៉ាំឱ្យបានដិតដល់។ ជាលទ្ធផល អ្នកនឹងលេបអាហារទាំងរឹង ឬមិនទាន់ទំពារម៉ត់ចូលទៅក្នុងពោះដែលបណ្ដាលឱ្យទៅជាហើមពោះ និងពិបាកដល់ដំណើរការរំលាយអាហារ។

យោងតាមវេជ្ជបណ្ឌិត Fiona Kane ដែលជាវេជ្ជបណ្ឌិតជំនាញអាហារូបត្ថម្ភវេជ្ជសាស្ត្រមកពីប្រទេសអូស្ត្រាលីបានឱ្យដឹងថា ដំណើរការរំលាយអាហារចាប់ផ្ដើមធ្វើឡើង នៅពេលដែលអ្នកនឹកដល់អាហារ បន្ទាប់មកគឺការហិតក្លិន និងការទំពារអាហារ។ ហេតុនេះហើយទើបការផ្ដោតទៅលើអ្វីដែលអ្នកកំពុងញ៉ាំ និងការទំពារបានម៉ត់ល្អនឹងក្លាយជាជំនួយដល់សរីរាង្គរំលាយអាហារឱ្យធ្វើការបានល្អដូចគ្នា។

២. ភ្លេចចាប់អារម្មណ៍ថាខ្លួនកំពុងញ៉ាំច្រើនប៉ុណ្ណា

ក្នុងពេលកំពុងញ៉ាំអាហាររាងកាយរបស់យើងនឹងត្រូវធ្វើការងារសំខាន់ពីរយ៉ាង មួយគឺកត់សម្គាល់ថាពេលណារាងកាយឆ្អែត និងមួយទៀតគឺរំលាយអាហារដែលបានញ៉ាំចូលទៅនោះ ក៏ដូចជាបឺតស្រូបយកជីវជាតិចិញ្ចឹមពីអាហារទាំងនោះ។ ប្រសិនបើអ្នកផ្ដោតចិត្តទុកដាក់តែលើរបស់ខាងក្រៅច្រើនជាងការញ៉ាំ រាងកាយអ្នកនឹងធ្វើការកាន់តែធ្ងន់ធ្ងរក្នុងការប្រមូលអារម្មណ៍ ហើយអ្នកនឹងមិនអាចដឹងបានថាអ្នកបានញ៉ាំអាហារច្រើនប៉ុណ្ណា ហើយនោះដែលជាហេតុបណ្ដាលឱ្យរាងកាយអ្នកញ៉ាំកាឡូរីចូលខ្លួនច្រើនជាងអ្វីដែលរាងកាយត្រូវការ។

៣. ញ៉ាំប្រញាប់ៗ

ដើម្បីឱ្យរាងកាយមានសុខភាពល្អនិងដំណើរការរំលាយអាហារបានល្អ អ្នកត្រូវញ៉ាំអាហារដោយយឺតៗ ទំពារឱ្យបានម៉ត់ល្អ។ ប៉ុន្តែនៅពេលអ្នកផ្ដោតលើរបស់ខាងក្រៅ ដូចជាមើលទូរទស្សន៍ ទូរសព្ទ ឬកុំព្យូទ័របែបនេះ អ្នកនឹងត្រូវទំពារលឿនៗ ដែលជាលទ្ធផលអ្នកនឹងផ្លុំខ្យល់ចូលពោះកាន់តែច្រើន មិនបានទំពារឱ្យសព្វល្អ ធ្វើឱ្យហើមពោះជាដើម។ ទោះបីជាគ្មានការកំណត់ឱ្យបានច្បាស់ថាមនុស្សយើងគួរទំពារឱ្យបានប៉ុន្មានដងមុននឹងលេបចូលពោះក៏ដោយ ប៉ុន្តែការញ៉ាំអាហារតាមសម្រួលអាចជួយឱ្យអ្នកញ៉ាំអាហារបានត្រឹមត្រូវតាមដែលរាងកាយចង់បាន។

៤. ញ៉ាំលែងដឹងឆ្ញាញ់

នៅពេលយើងញ៉ាំអាហារនៅមុខអេក្រង់ដែលនៅពីមុខ ហើយមិនផ្ដោតលើអាហារដែលខ្លួនកំពុងញ៉ាំនោះ យើងនឹងញ៉ាំឱ្យតែបានៗ ឱ្យតែហើយៗ យូរទៅនឹងលែងដឹងរសជាតិ ធ្វើម៉េចឱ្យតែញ៉ាំបានអស់ដើម្បីបន្តការងារ ឬធ្វើអ្វីផ្សេងទៅវិញ។

យោងតាមការសិក្សាដែលចេញផ្សាយដោយបណ្ណាល័យជាតិវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការអង្គុយនៅពីអេក្រង់កុំព្យូទ័រក្នុងពេលកំពុងញ៉ាំអាហារនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអាហារគ្មានរសជាតិ ព្រោះតែអ្នករវល់តែផ្ដោតអារម្មណ៍លើរបស់ទាំងនោះ៕