លោកអ្នកប្រាកដជាស្គាល់ និងធ្លាប់បានប្រើប្រាស់កម្មវិធី  Instagram ដែលជា គេហទំព័រកំពុងពេញនិយមដោយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។  ហើយក្នុងពេលបច្ចុប្បន្ននេះមានមនុស្សមិនតិចជាងរាប់ពាន់លាននាក់នោះទេ ដែលកំពុងតែប្រើប្រាស់កម្មវិធីមួយនេះក្នុងការកម្សាន្ត និងការចែក រំលែកព័ត៌មានតូចធំជូនទៅកាន់មនុស្សជុំវិញខ្លួន។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយ សហស្ថាបនិកជនជាតិអាមេរិកពីររូប គឺ លោក  Kevin Systrom រួមជាមួយ មិត្តរបស់លោកឈ្មោះ Mike Krieger។ លោក Kevin ក៏ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រនិង ជាសហគ្រិនជនជាតិអាមេរិកផងដែរ។ លោកបានសិក្សាផ្នែកវិទ្យាសាស្រ្ត និងវិស្វកម្មនៅសកលវិទ្យាល័យ Standford  ដែលមានឪពុកគឺជាអនុប្រធានក្រុមហ៊ុនមួយ។លោកក៏ធ្លាប់បានធ្វើជាអ្នកគ្រប់គ្រងផលិតផលទីផ្សារនៅក្នុមហ៊ុន Google រយៈពេលបី ឆ្នាំផងដែរ។

ដោយសារតែការស្រឡាញ់ ចំណង់ចំណូលចិត្តសរសេរកូដ និងការព្យាយាមមិនព្រម បោះបង់។ ទីបំផុតលោក Kevin រួមជាមួយមិត្តភក្តិរបស់លោក Mike ក៏បានធ្វើឱ្យ Instagram លេចរូបរាងឡើងនៅថ្ងៃទី០៦ ខែមិថុនា  ឆ្នាំ២០១០ដែលមានអ្នកប្រើប្រាស់ជាង ២៥០០០ នាក់នៅថ្ងៃដំបូងនិងទទួលបានចំនួនអ្នកប្រើប្រាស់រហូតដល់ទៅ ១លាន ក្នុងពេលរយៈពេល ត្រឹមតែមួយខែតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងអត្ថបទនេះដែរ យើងនឹងដកស្រង់យកនូវ ដំបូន្មានល្អៗទាំង១០ របស់លោក Kevin Systrom ដើម្បីឱ្យលោកអ្នកបានសិក្សាឈ្វេងយល់។

ទី១) “ លុះត្រាតែអ្នកធ្លាប់បានឆ្លងកាត់ភាពបរាជ័យទើបអ្នកអាចរកដំណោះស្រាយ ដ៏ត្រឹមត្រូវមួយបាន”។

ទី២) “ប្រសិនបើអ្នករកឃើញគំនិតក្នុងការបង្កើតឬចាប់ផ្តើមធ្វើអ្វីមួយ ចូរចាប់ផ្តើមវា នៅថ្ងៃនេះ!”។

ទី៣) “អ្វីដែលមនុស្សម្នាក់បានប្រាប់អ្នកនិងអ្វីដែលពួកគេបានធ្វើ​ គឺពេលខ្លះវាមិន ដូចគ្នានោះទេ”។

ទី៤) “គោលដៅនៃការបង្កើត Instagram របស់យើងគឺមិនមែនគ្រាន់តែជា កម្មវិធីចែករំលែករូបថតប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើជាវិធីមួយ ដែលអ្នកអាចចែករំលែកជីវិតនៃការរស់នៅរបស់អ្នកទៅកាន់ពិភពលោក”។

ទី៥) “ផលិតផលដែលល្អបំផុតនៅលើពិភពលោក គឺតែងតែមានទស្សនៈ និងគោលបំណងពីម្ចាស់ផលិតផលនោះ ។ ដោយឡែកផលិតផលគ្មានគុណភាព គឺមិនមានទេ”។

ទី៦) “ខ្ញុំតែងតែកោតសរសើរ និងស្ញប់ស្ញែងចំពោះបុគ្គលដែលជាសិល្បករ នៅក្នុងចក្ខុវិស័យរបស់ពួកគេ។  ពីព្រោះពួកគេយល់ថា ពួកគេបានបង្កើតតម្លៃពិតនៅក្នុងពិភពលោក”។

ទី៧) “អ្នកត្រូវរកបុគ្គលណាដែលឱ្យតម្លៃទៅលើគំនិតរបស់អ្នក  ពីព្រោះថាពួកគេនឹង ទទួលយកវា ហើយធ្វើឱ្យវាកាន់តែប្រសើរឡើង”។

ទី៨) “ផលិតដែលមានគុណភាពល្អពិត មិនចាំបាច់ទាមទារការធ្វើទីផ្សារច្រើននោះទេពីព្រោះថា អតិថិជននឹងរត់មករកអ្នកដោយខ្លួនឯងៗ។

ទី៩) “រាល់ការចាប់ផ្តើមអាជីវកម្មទាំងអស់ អ្នកគួរតែបង្កើតឱ្យត្រូវនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន”។

ទី១០) “ខ្ញុំគិតថាប្រសិនបើអ្នកបង្កើតអាជីវកម្មរួចហើយអ្នកមិនគួរផ្លាស់ប្តូរគោលដៅ របស់អ្នកនោះទេ ពីព្រោះថាវានឹងធ្វើឱ្យអាជីវកម្មរបស់អ្នកខុសគោលដៅ”។

ជារួមមកវិញខាងលើនេះគឺជា សម្រង់ដំបូន្មានល្អទាំង១០ របស់លោកKevinSystrom សហស្ថាបនិក Instagram ដែលមានចំនួនអ្នកប្រើប្រាស់រាប់លានអ្នកនៅជុំវិញពិភពលោក។ យើងលើកយកមកសរសេរនេះ គឺក្នុងគោលបំណងឱ្យលោកអ្នកបានសិក្សាឈ្វេងយល់ក្នុង ការអភិវឌ្ឍខ្លួនបន្ថែមក៏ដូចជាដើម្បីជាចំណេះដឹងផ្សេងៗផងដែរ៕