រាងកាយមនុស្សត្រូវការជាតិដែកដើម្បីផលិតហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយប្រភេទនៅក្នុងកោសិកាឈាមក្រហមជួយជម្រុញអុកស៊ីសែននៅក្នុងរាងកាយទាំងមូល។ ក្នុងករណីដែលរាងកាយមិនមានហេម៉ូក្លូប៊ីនគ្រប់គ្រាន់ ជាលិកានិងសាច់ដុំរបស់អ្នកនឹងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីអាចដំណើរការបានត្រឹមត្រូវឡើយ។ នេះនាំឱ្យមានស្ថានភាពមួយដែលហៅថាភាពស្លកសាំង ឬខ្វះឈាម។ ទោះបីជាជំងឺស្លេកស្លាំងមានច្រើនប្រភេទខុសៗគ្នាក៏ដោយ ក៏កង្វះជាតិដែកគឺជារោគសញ្ញាទូទៅមួយដែលបណ្ដាលឱ្យកើតជំងឺនេះផងដែរ។

មូលហេតុសំខាន់ៗដែលបណ្ដាលឱ្យខ្វះសារធាតុដែកក្នុងរាងកាយ៖

- របបអាហារប្រចាំថ្ងៃមិនមានជាតិវីតាមីនគ្រប់គ្រាន់ឬគ្មានជាតិដែកដែលរាងកាយត្រូវការឱ្យបានគ្រប់គ្រាន់

- ជំងឺរលាកពោះវៀន

- ​តម្រូវការជាតិដែកបន្ថែមក្នុងពេលមានផ្ទៃពោះ

- ការបាត់បង់ឈាមដោយសារការឈាមរដូវខ្លាំងឬការហូរឈាមខាងក្នុង

- កត្តាអាយុ

ពេលនេះសូមមកស្វែងយល់ពីរោគសញ្ញាដែលបង្កដោយការខ្វះជាតិដែកក្នុងរាងកាយ៖

១.អស់កម្លាំងខុសប្រក្រតី

នេះគឺជារោគសញ្ញាដ៏សំខាន់បំផុតនៃកង្វះជាតិដែក ព្រោះតែរាងកាយរបស់អ្នកកំពុងតែខ្វះសារជាតិដ៏សំខាន់មួយនេះក្នុងការផលិតប្រូតេអ៊ីនមួយប្រភេទឈ្មោះហេម៉ូក្លូប៊ីននៅក្នុងកោសិកាឈាមក្រហមដើម្បីបញ្ជូនអុកស៊ីសែនទៅកាន់ថ្លើម និងផ្នែកផ្សេងទៀតនៃរាងកាយ។ នៅពេលដែលរាងកាយខ្វះហេម៉ូក្លូប៊ីន នោះអុកស៊ីសែនដែលត្រូវបញ្ជូនទៅសាច់ដុំនិងជាលិកាសរសៃប្រសាទ ហើយបណ្ដាលឱ្យអ្នកទៅជាអស់កម្លាំង ល្ហិតល្ហៃខុសប្លែកពីធម្មតា។

២.ស្បែកឡើងស្លេកស្លាំង

ហេម៉ូក្លូប៊ីនដែលមាននៅក្នុងកោសិកាឈាមក្រហមគឺជាសារធាតុដែលធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងមានពណ៌ស៊ីជម្ពូស្អាត។ កង្វះជាតិដែកនឹងធ្វើឱ្យរាងកាយមនុស្សមិនអាចផលិតហេម៉ូក្លូប៊ីនបានដែលជះលទ្ធផលឱ្យបាត់បង់ឈាមក្រហមក្នុងស្បែក បង្កទៅជាស្លេកស្លាំង។ អ្នកអាចសង្កេតមើលដោយខ្លួនឯងប្រសិនបើបបូរមាត់ ក្រអូមមាត់ ម្រាមដៃ និងនៅខាងក្នុងត្របកភ្នែកខាងក្រោមប្រែទៅជាពណ៌ស្លេកលែងក្រហមដូចមុន នេះអាចបញ្ជាក់ថាអ្នកកំពុងខ្វះសារជាតិដែកហើយ។

៣.រាងថប់ៗដង្ហើម ឬឈឺក្នុងទ្រូង

អាការៈដកដង្ហើមខ្លីៗ ពិបាកដកដង្ហើម ឬឈឺផ្នែកទ្រូង ជាពិសេសក្នុងពេលធ្វើសកម្មភាពអ្វីមួយចប់ នោះអាចជាសញ្ញានៃការខ្វះជាតិដែកហើយ។ មិនខុសពីចំណុចខាងលើ កាលណារាងកាយមិនអាចផលិតហេម៉ូក្លូប៊ីនបានគ្រប់គ្រាន់ អុកស៊ីសែនដែលរត់ក្នុងរាងកាយក៏មិនគ្រប់គ្រាន់ដែលនឹងបណ្ដាលឱ្យការដកដង្ហើមមិនបានស្រួល ធ្វើឱ្យថប់ៗ និងឈឺក្នុងទ្រូងថែមទៀតផង។

៤. វិលមុខ និងឈឺក្បាល

រោគសញ្ញាមួយទៀតគឺអាការៈឈឺក្បាលនិងវិលមុខ ធេងធោង។ ហេតុផលគឺព្រោះតែកម្រិតអុកស៊ីសែនមិនគ្រប់គ្រាន់ទៅផ្គត់ផ្គង់ខួរក្បាលអាចបណ្ដាលឱ្យសរសៃឈាមឡើងប៉ោងដែលនាំឱ្យទៅជាឈឺក្បាល ឬវិលមុខបែបនេះ។

៥.ចង្វាក់បេះដូងលោតញាប់

ចង្វាក់បេះដូងលោតមិនទៀងទាត់ដែលត្រូវបានគេស្គាល់ថា tachycardia អាចជារោគសញ្ញាមួយទៀតនៃកង្វះជាតិដែក។ នេះក៏ព្រោះតែកម្រិតហេម៉ូក្លូប៊ីនទាប មានន័យថាបេះដូងត្រូវធ្វើការកាន់តែធ្ងន់ដើម្បីបញ្ជូនអុកស៊ីសែនទៅផ្នែកផ្សេងទៀតនៃរាងកាយ។ នេះអាចនាំឱ្យមានចង្វាក់បេះដូងលោតមិនទៀងទាត់ ឬទទួលអារម្មណ៍ថាចង្វាក់បេះដូង លោតលឿនខុសពីធម្មតា។ ក្នុងករណីធ្ងន់ធ្ងរ វាអាចនាំឱ្យមានជំងឺខ្សោយបេះដូង។ ប៉ុន្តែរោគសញ្ញាទាំងនេះច្រើនតែ លេចឡើង នៅ​ក្រោយពេលអ្នកដែលខ្វះជាតិដែកមានរោគសញ្ញាផ្សេងៗ មុនពេលកើតមានអាការៈញ័រទ្រូង ឬបេះដូង។

៦. ហើមឬឈឺអណ្ដាត និងមាត់

ការពិនិត្យមើល​ផ្នែកខាងក្នុងមាត់អាចផ្តល់ឱ្យយើងនូវតម្រុយសុខភាពជាច្រើន។ កង្វះជាតិដែកគឺជាផ្នែកមួយនៃការពិនិត្យទាំងនេះ។ ឧទាហរណ៍ប្រសិនបើអណ្តាតរបស់អ្នកឡើងហើមរលាក ឬប្រែពណ៌ នេះគឺជាសញ្ញានៃកង្វះជាតិដែកហើយ។ ការថយចុះនៃកម្រិតជាតិហេម៉ូក្លូប៊ីនអាចបណ្តាលឱ្យអណ្តាតឈឺ និងហើមបាន។ ក្រៅពីនេះ កង្វះជាតិដែកក៏អាចបណ្តាលឱ្យ​មាត់ស្ងួត ឡើងក្រហម​ ​ប្រេះ ​ឬដំបៅកៀនៗមាត់ផងដែរ៕