កង្វល់ដ៏ធំសម្រាប់មនុស្សស្រី គឺការកើតមានប្រភេទមុនផ្សេងៗនៅលើផ្ទៃមុខ ហើយបើទោះបីជា មុនបានបាត់ទៅក៏ដោយ។ តែយ៉ាងណាមិញវាតែងតែបន្សល់នូវស្លាកស្នាមនៅលើពេញផ្ទៃមុខ ជាហេតុធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្ត និងភាពជឿជាក់មកលើខ្លួនឯង។ ​ហើយខាងក្រោមអត្ថបទនេះ នឹងបង្ហាញពីវិធីសាស្រ្ត តាមបែបធម្មជាតិពីជនជាតិកូរ៉េដែលអ្នកទាំងអស់គ្នាងាយស្រួលរកមកធ្វើ៖

១.ស៊ុតពងមាន់

ផ្នែកសនៃស៊ុតគឺពោរពេញដោយប្រូតេអ៊ីន ដែលជួយឱ្យរន្ធរោមអាចរួមតូចនិងជួយឱ្យ ស្បែកមុខភ្លឺរលោង ហើយចាប់ផ្ដើម កាត់បន្ថយស្លាកស្នាមបន្តិចម្ដងៗរហូតដល់បាត់អស់រលីងពីផ្ទៃមុខ។ ក្នុងនោះផងដែរវាកាន់តែឆាប់ទទួលបានប្រសិទ្ធភាពប្រសិនបើអ្នកអនុវត្តមួយសប្ដាហ៍បានរហូតដល់ ២ទៅ ៣ដងជារៀងរាល់សប្ដាហ៍។

២.ទឹកកក

ភាពត្រជាក់ដែលចេញពីទឹកកកជួយបន្ថយការរលាក បើទោះបីជាវាមិនជួយព្យាបាលមុនក៏ពិតមែន ប៉ុន្តែវាអាចជួយបន្ថយការហើម ក្រហម និងកាត់បន្ថយស្នាមបានថែមទៀតផង។​ ជាមួយគ្នានេះដែរអ្នកអាចយកទឹកកកមកស្អំលើស្នាមពី ១០ទៅ ១៥នាទី ទឹកកកត្រូវតែស្អាតគ្មាន មេរោគ មុនស្អំត្រូវយកប្លាស្ទិកមកទ្រាប់ផងដែរ។

៣.ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើជាឱសថធម្មជាតិមានជាតិសំណើមច្រើន ដែលអាចជួយផ្ដល់សំណើមដល់ស្បែកធ្វើឱ្យស្បែកមានសភាពទន់ល្មើយ។ ហេតុនេះហើយមិនចាំបាច់ព្រួយបារម្ភខ្លាចរោល ក្រហាយអ្វីឡើយក្រោយពេលប្រើប្រាស់ប្រទាលកន្ទុយក្រពើរួច។ វិធីសាស្រ្តក្នុងការប្រើប្រាស់ គឺគ្រាន់តែយកប្រទាលមួយមែកមកចិតសម្បកចេញ​ឱ្យស្អាត និងចិតស្ដើងៗ បន្ទាប់មកយកមកម៉ាស្សាលើមុខរួចទុករយៈពេល ៣០នាទីជាការស្រេច។

៤.ដំឡូងបារាំង

គ្រាន់តែយកមើមដំឡូងមួយមើមមកចំហុយឱ្យឆ្អិន ហើយកិនឱ្យម៉ដ្ឋលាយជាមួយទឹកដោះគោឆៅ រួចហើយយកមកអប់លើផ្ទៃមុខ១០-១៥នាទីមួយសប្តាហ៍២-៣ដង នោះស្លាកស្នាមដែលបន្សល់ទុកពីមុនលើមុខ និងងាយឆាប់បាត់។

៥.ផ្លែត្រសក់

មនុស្សជាច្រើនបានប្រើប្រាស់វិធីសាស្រ្តមួយនេះ ហើយទទួលបានប្រសិទ្ធភាពទើបប្រាប់តៗគ្នា រហូតមក។ ម្យ៉ាងវិញទៀតវាងាយស្រួលស្វែងរក ហើយក៏ងាយស្រួលធ្វើទៀតផង ដោយគ្រាន់តែចិតវាជាចំណិតស្ដើងៗ យកមកបិតពេញផ្ទៃមុនរួចទុករយៈពេល ២០-៣០នាទីជារៀងរាល់សប្ដាហ៍។

វិធីសាស្រ្តទាំង៥ខាងលើនេះ ផ្ដល់ភាពងាយស្រួល ព្រោះគ្រឿងផ្សំមិនពិបាកស្វែងរកមាននៅជុំវិញផ្ទះ របស់អ្នកទាំងអស់គ្នា។ ដូច្នេះហើយអ្នកដែលមានបញ្ហាស្នាម អាចងាកមកសាកល្បងវិធីសាស្រ្តតាមបែបធម្មជាតិកូរ៉េខាងលើនេះបាន ដោយមិនចាំបាច់ប្រើប្រាស់ថវិកាអស់ច្រើន៕