ម្នាក់ៗសុទ្ធតែចង់មានបាន មានជីវភាពធូរធារ តែអ្វីដែលអ្នកតែងតែខិតខំកន្លងមកគឺគិតតែលើទ្រព្យសម្បត្តិ សំដៅលើមាសប្រាក់តែមួយមុខគត់។ ទ្រព្យសម្បត្តិដែលលើកឡើងក្នុងអត្ថបទនេះ គឺប្រហែលជាលើសពីអ្វីដែលអ្នកយល់ពីទ្រព្យសម្បត្តិដែលអ្នកមាន មិនថាតែជាតួរលេខក្នុងគណនីធនាគារនោះទេ។

ទ្រព្យសម្បត្តិទីនេះ គឺសំដៅលើការរួមបញ្ចូលគ្នា រវាងទ្រព្យសម្បត្តិ(មាសប្រាក់ លុយឡាន) បញ្ញានិងស្មារតីរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ចូរផ្តោតលើការអភិវឌ្ឍលើចំនុចខាងក្រោមនេះបន្តិច។

១. តើអ្នករកលុយបានច្រើន ឬចំណាយច្រើន?

អ្នកអាចរកបានមួយខែត្រឹម ៦០០ដុល្លារ តែការចំណាយរបស់អ្នកត្រឹមតែ២០០ដុល្លារ នោះមានន័យថា អ្នកប្រសើរជាង បុគ្គលដែលរកបាន ២០០០ដុល្លារក្នុង១ខែតែចំណាយដល់ទៅ ២៥០០ដុល្លារក្នុង១ខែ។

វាផ្ដើមពីការងារមួយដែលត្រឹមត្រូវ មានចំណូលដែលអាចសន្សំបាន។រកបានច្រើនប៉ុណ្ណា អ្វីដែលអ្នកគួរពិចារណា​គឺការកាត់បន្ថយការចំណាយរបស់អ្នក ឱ្យតិចបំផុតតាមដែលអ្នកអាចធ្វើបាននិងផ្ដើមសន្សំ កាន់តែច្រើន ដើម្បីទុកចំណាយលើរបស់សំខាន់ៗជាច្រើននៅពេលក្រោយ។

២. ចំណាយពេលវេលារបស់អ្នកដោយឈ្លាសវៃ 

យីហោឬតម្លៃខ្លួនរបស់អ្នកនឹងកើនឡើង នៅពេលអ្នកមានចំណេះដឹងជំនាញនិងបទពិសោធន៍កាន់តែច្រើន នេះបានពីការប្រើពេលវេលាដែលត្រឹមត្រូវ។ ចំណាយពេលសិក្សានិងស្វែងយល់ពីពិភពលោកឱ្យបានកាន់តែប្រសើរ។ អានឱ្យបានច្រើនតាមដែលអ្នកអាច។ អប់រំខ្លួនអ្នកអំពីអ្វីដែលមានប្រយោជន៍ ជាដើម។ សាកល្បងមើលពីការពិសោធន៍បរាជ័យជោគជ័យជុំវិញ ហើយព្យាយាមកាន់តែច្រើន នោះអ្នកកាន់តែឆ្លាតនិងស្ទាត់ជំនាញជាងមុន។

៣. ផ្ដល់នូវគុណតម្លៃដល់អ្នកដទៃ

បើអ្នកកាន់តែជះឥទ្ធិពលវិជ្ជមានដល់មនុស្សកាន់តែច្រើន នោះអ្នកនឹងកាន់តែមានតម្លៃ។ ដើមខ្នុរដែលគ្មានផ្លែ នឹងក្លាយជាអុសសម្រាប់ដុត។ ដូច្នេះដែរតម្លៃរបស់អ្នក មិនត្រឹមតែសំដៅលើអ្វីដែលអ្នកមាននោះទេ តែជាអ្វីដែលអ្នកចេះចែករំលែកផងដែរ។ តម្លៃក្នុងនាមជាមនុស្ស ក៏ត្រូវចេះជួយអ្នកដទៃ។ បើធ្វើអ្វីៗសម្រាប់តែខ្លួនឯង ហើយមិនជួយអ្នកដទៃដែលកំពុងត្រូវការពន្លឺ វាពិតជាគ្មានតម្លៃនោះទេ។ សហគ្រិនជាច្រើន បានបង្ហាញពីតម្លៃរបស់ពួកគេតាមរយៈ សេវាកម្មដែលពួកគេផ្តល់ឱ្យអ្នកដទៃផងដែរ។

អ្វីដែលវាត្រូវការ សម្រាប់ការងារខាងលើគឺភាពវ័យឆ្លាតក្នុងការផ្លាស់ប្តូរផ្នត់គំនិតបែបសាមញ្ញ និងការខិតខំបន្តិចម្ដង។ ទាំងនេះជាទ្រព្យដែលអ្នកអាចបង្កើនបានជារៀងរាល់ថ្ងៃ ដែលស្ទើរតែត្រូវការចំណាយតិចបំផុត។ អ្នកអាចនឹងមិនឃើញពីការធូរធារនៃធនធាន ដែលមានក្នុងពេលខ្លីនោះទេ។

ទ្រព្យសម្បត្តិទាំងនេះ មិនអាចមើលឃើញ តែវាស្ថិតក្នុងមនុស្សដែលទទួលបានភាពរីករាយបំផុតនិងជោគជ័យបំផុតក្នុងជីវិត៕