ចំណុចមិនល្អមួយចំនួនត្រូវបានលើកឡើងថា ជាឧបសគ្គរារាំងកិច្ចការជាគោលដៅមិនឱ្យទៅមុខ។ ដូចនេះ ការចេះលះនូវបញ្ហាទាំងនោះ នឹងធ្វើឱ្យកិច្ចការអ្នកដើរទៅមុខដែលអ្នកពិចារណាទៅលើចំណុចខាងក្រោមនេះ៖

. លះបង់ការចាំលើកសរសើរពីមនុស្សគ្រប់គ្នា

ប្រសិនបើគោលដៅអ្នកតឹ្រមត្រូវ អាចធ្វើបាន អ្នកគួរបន្តធ្វើវាជាជំហានៗតទៅមុខជានិច្ចបើទោះបីមានអ្នកសរសើរ ឬពេលខ្លះពុំមែនសុទ្ធសឹងតែមនុស្សគ្រប់ពេញចិត្ត ឬគាំទ្រគោលដៅអ្នកនោះឡើយ។ តែអ្នកអាចប្រាកដថា គោលដៅរបស់អ្នក អ្នកជាម្ចាស់គឺពិតជាអាចធ្វើឱ្យចេញជាការពិតបាន។

. លះបង់ការចង់គ្រប់គ្រងអ្វីៗបានដូចចិត្ត

រឿងខ្លះអ្នកត្រូវទទួលស្គាល់ថា អ្នកមិនអាចគ្រប់គ្រងស្ថានការណ៍បានគ្រប់រឿងទាំងស្រុងនោះទេដូច្នេះត្រឡប់មកវិញ អ្វីដែលអ្នកអាចកែខៃបាន អ្នកគួរធ្វើវា ហើយអ្វីដែលអ្នកអាចគ្រប់គ្រងបានគឺអ្នកត្រូវធ្វើរឿងទាំងនោះ។

. លះបង់គំនិតធ្វើអ្វីមួយទាល់តែឥតខ្ចោះ

ភាពឥតខ្ចោះទាំងក្នុងកិច្ចការ ឬគោលដៅច្រើនដាក់សម្ពាធដល់អ្នកជាហេតុធ្វើឱ្យមានបន្ទុក ឬស្រ្តែសពេលកិច្ចការមិនបានល្អ។ ជំនួសវិញ អ្នកគួរចាំថាដរាបណាអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាព នោះលទ្ធផលល្អមិននៅឆ្ងាយពីអ្នកឡើយ។

. លះបង់គំនិតថាជោគជ័យនឹងកើតឡើងត្រឹមរយៈពេលខ្លី

គ្មានឡើយជោគជ័យកើតឡើងត្រឹម១ថ្ងៃ ឬត្រឹម១យប់សូម្បីតែបុគ្គលជោគជ័យជាច្រើន អ្នកអាចក្រឡេកទៅមើលលទ្ធផលជោគជ័យរបស់លោក Steve Jobs ពោលគឺត្រូវបានកសាងឡើងរាប់ខែ រាប់ឆ្នាំ ពុំមែន១ថ្ងៃជោគជ័យឡើយ។

.លះបង់ក្តីសុបិន្តតូចៗ ហ៊ានស្រមៃគោលដៅធំ

ពិតណាស់ ពេលខ្លះអ្នកគួរហ៊ានស្រមៃគោលដៅធំនិងដាក់ចិត្តកាយធ្វើការលើគោលដៅនោះ។ អ្នកអាចសួរខ្លួនឯងថា បើអ្នកមិនស្រមៃគោលដៅធំ តើអ្នកនឹងទទួលបានគោលដៅធំនៅថ្ងៃមុខឬទេ?

. លះបង់ទម្លាប់មិនល្អសម្រាប់សុខភាព

សុខភាពនឹងផ្តល់ប្រយោជន៍ដល់អ្នកច្រើនយ៉ាងបើអ្នកចេះថែរក្សាបានល្អ។ បើអ្នកឈឺ អ្វីៗប្រៀបដូចឧបសគ្គពិបាកក្នុងការធ្វើដំណើរទៅមុខរបស់អ្នក៕