សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ឈានទៅកាន់វ័យកណ្តាល មនុស្សម្នាក់ៗកាន់តែមានការទទួលខុសត្រូវខ្ពស់ឡើងៗ ដែលទាមទារឱ្យមានការបែងចែកពេលវេលានិង​ថាមពលច្រើនបំផុត សម្រាប់ឆ្លើយតបជាមួយនឹងទំនួលខុសលើគ្រប់ផ្នែក។ តែទោះជាយ៉ាងនេះក្តី វ័យកណ្តាល​ ក៏ជាដែលចាំបាច់ត្រូវការការអភិវឌ្ឍសមត្ថភាពផងដែរ បើទោះបីជាពេលវេលាមានតិចតួចក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ពេជ្រ ពិសាល ស្ថាបនិក​ស្ថាប័នអប់រំ Daily Plus Cambodia បានលើកឡើងថា វ័យកណ្តាលជាវ័យដែលពោរពេញទៅដោយទំនួលខុសត្រូវ ព្រោះប្រសិនបើគាត់ជាអ្នកធ្វើការងារគាត់ត្រូវទទួលខុសត្រូវលើស្ថាប័នការងារប្រចាំថ្ងៃ ការចូលរួមក្នុងកម្មវិធីសង្គម ការជួបជាមួយបុគ្គលគោលដៅដែលត្រូវទាក់ទងនិងបន្ថែមការទទួលខុសត្រូវចំពោះក្រុមគ្រួសារផងដែរ។ ប្រសិនបើគាត់ជាអ្នករកស៊ី គាត់ត្រូវទទួលខុសត្រូវចំពោះលំហូរអាជីវកម្ម​ផ្ទាល់ខ្លួន ការប្រាស្រ័យទាក់ទងជាមួយ​ដៃគូអាជីវកម្ម​ ការចូលរួមក្នុងកម្មវិធី កសាងទំនាក់ទំនង​ក្នុងពិភពជំនួញនិងការទទួលខុសត្រូវចំពោះក្រុមគ្រួសារ ឬកូនៗជាដើម។ ហេតុនេះ​ពេលវេលារបស់គាត់ មានតិចតួចណាស់ប្រសិនបើប្រៀបធៀបជាមួយនឹងភាពជាយុវវ័យ ឬវ័យផ្សេងៗទៀត ដែលមានការទទួលខុសត្រូវតូចជាងនេះ។

លោក ពេជ្រ ពិសាល បាននិយាយថា៖ «​វ័យកណ្តាល ជាវ័យដែលសកម្មជាងគេ ព្រោះជាវ័យដែល​ត្រូវការទាំងការដោះស្រាយបញ្ហា និងការអភិវឌ្ឍសមត្ថភាពឆ្លើយតបជាមួយនឹង​បញ្ហានានាដែលកំពុងកើតឡើង។ ក្នុងស្ថានភាពនេះ គាត់ត្រូវប្រើប្រាស់ពេលវេលាច្រើនបំផុតក្នុងដោះស្រាយបញ្ហា តែគាត់ក៏ត្រូវការពេលវេលាល្អមួយដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនផងដែរ ដើម្បីឱ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង»។

លោក វិសាល បានបន្ថែមទៀតថា ដោយសារតែកត្តាពេលវេលា និងការទទួលខុសត្រូវនេះហើយ ទើបកន្លងមក​គេតែងតែនិយាយ​ថា​មនុស្សវ័យកណ្តាលរៀនមិនសូវចូល ឬពិបាកស្វែងរកពេលរៀនជាដើម តែទោះជាយ៉ាងនេះក្តីគាត់មិនអាចចេញផុតពីការអភិវឌ្ឍ​សមត្ថភាពបាននោះទេ។ 

ជាដំណោះស្រាយលោក វិសាល ណែនាំថា​ អ្នកដែលមានការមមាញឹកច្រើន​ គួរ​ស្វែងរកពេលសិក្សាតាមរយៈអនឡាញ ព្រោះការធ្វើបែបនេះ អំណោយផលល្អសម្រាប់អ្នករវល់ខ្លាំង។ បច្ចុប្បន្ននេះ ការសិក្សាតាមរយៈអនឡាញ មានច្រើនទម្រង់ តែមានទម្រង់មួយដែលល្អ គឺការចូលទៅទិញមេរៀនឬវគ្គសិក្សាសំខាន់ៗដែល​យើងត្រូវការ​។ ហេតុនេះ​ យើងអាចរៀនបានតាមរយៈវីដេអូនៅគ្រប់ពេលវេលាទាំងអស់និងគ្រប់ទីកន្លែង។ 

លោកថា ការធ្វើបែបនេះនឹងធ្វើឱ្យយើង​ចំណេញច្រើនណាស់ក្នុងការអភិវឌ្ឍជីវិត ព្រោះប្រសិនបើយើងបន្តរៀនជាប់គ្នាត្រឹមតែមួយម៉ោងក្នុងមួយថ្ងៃ នោះ​យើងអាចរៀនបានរហូតដល់ទៅរាប់រយម៉ោងក្នុងមួយឆ្នាំ។ ការធ្វើបែបនេះនឹងធ្វើឱ្យជីវិតរបស់យើងបន្តអភិវឌ្ឍនិងរីកចម្រើនឥតឈប់ឈរ បើទោះបីជាយើង​រវល់ខ្លាំងប៉ុណ្ណាក៏ដោយ៕