មនុស្សបច្ចុប្បន្ន ភាគច្រើន​កើតទុក្ខនិងព្រួយបារម្ភជ្រុល ជាមួយនឹង​រឿងរ៉ាវដែលមិនទាន់មកដល់ ហើយពួកគេធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីតែថ្ងៃមុខ ដោយមិនសូវយកចិត្តទុកដាក់ជាមួយនឹងស្ថានភាពបច្ចុប្បន្នកាល។ ក្រោយពេលពួកគេដល់វ័យ​ចាស់ ទើបនឹកឃើញស្តាយក្រោយ តែទោះបីជាមិនសប្បាយចិត្តក៏ពេលវេលាទៅហួសបាត់ទៅហើយ។

លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន VIPASSA បានលើកឡើងថា​ មនុស្សមួយចំនួន​ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ជាមួយ​នឹង​ការរស់នៅក្នុងពេលបច្ចុប្បន្ននោះទេ ព្រោះពួកគេផ្តោតតម្លៃខ្លាំងពេកទៅថ្ងៃអនាគតដែលមិនទាន់មកដល់។ ការធ្វើបែបនេះគឺមិនខុសពីបោះបង់ជីវិតបច្ចុប្បន្ន ដែលពោរពេញទៅដោយថាមពល និងភាពរីករាយ​ហើយ​ស្រមើស្រមៃចង់ឃើញតែរូបភាពដែលមិនប្រាកដនិយម​ថាអាចនឹងកើត ឬមិនកើតផង។ លោកថាការធ្វើបែបនេះជាទម្លាប់មិនល្អមួយ ដែលប៉ះពាល់​ដល់​ការកសាងសេចក្តីសុខក្នុងជីវិត ហើយ​វាក៏ធ្វើឱ្យយើង​នឿយហត់ជាមួយនឹងជីវិតកាន់តែខ្លាំងដោយសារតែគ្រប់ពេលវេលាមានតែការខិតខំ តែគ្មានការ​សម្អាតចិត្តឱ្យមានភាពរីករាយ ឬមិនព្រម​រីករាយជាមួយស្ថានភាពជាក់ស្តែង​នាពេលបច្ចុប្បន្ន។

លោក នឹម ឈុន្នី បាននិយាយថា៖«​ជីវិតរបស់យើង​មានថាមពលខ្លាំងណាស់ ប្រសិនបើយើងចេះរស់នៅជាមួយបច្ចុប្បន្នកាលដែលពោរពេញទៅដោយភាពវិជ្ជមាន និង​​ចេះរីករាយនៅគ្រប់ដំណាក់កាលនៃការរស់នៅ»។

អ្នកអប់រំចិត្តខាងលើបានលើកឡើងផងដែរថា តាមពិតទៅភាពរីករាយក្នុងជីវិតគឺអាចកើតឡើងគ្រប់ពេល និងគ្រប់កាលៈទេសៈ។ វាមិនអាស្រ័យតែលើទ្រព្យសម្បត្តិ ភាពមានបាន ឬ​លុយកាក់នោះទេ។ កុំរង់ចាំ​មានបានឬកុំរង់ចាំពេលវេលាណាមួយ​ទើបចាប់ផ្តើម​ស្វែងរក​អត្ថន័យជីវិត។ ឱ្យតែយើងចេះព្រមនិងរីករាយជាមួយនឹងជីវិតបច្ចុប្បន្នរបស់យើងយើងនឹងឃើញផ្លូវជាច្រើនដើម្បីធ្វើឱ្យជីវិតមានតម្លៃ និងរីករាយ។ 

មែនទែនទៅ មួយថ្ងៃៗយើងបានធ្វើរឿងល្អៗច្រើនណាស់ដែលយើងអាចរីករាយ ហើយពេលខ្លះ​ត្រឹមតែ​ការជួយ​អ្នកដទៃនិង​ផ្តល់​រង្វាន់សម្រាប់ខ្លួនឯងដែលសម្រេចបានការងារតូចៗណាមួយក៏ធ្វើឱ្យយើងរីករាយបានដែរ។ ហេតុនេះ​សូមចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ជាមួយនឹងជីវិតប្រចាំថ្ងៃ ហើយ​ចេះតាមដាននិង​លើកទឹកចិត្តខ្លួនឯងនៅគ្រប់ដំណាក់កាលទាំងអស់។ ប្រសិនបើយើង​ចេះរីករាយជាមួយបច្ចុប្បន្នកាលនោះយើងនឹងមានអនាគតកាលល្អមួយដែលគ្មានវត្តមានភាពស្តាយក្រោយ៕