សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពាក្យថា “ចាស់ចិត្ត ចាស់គំនិត”មិនមែនសំដៅលើមនុស្សដែលមានអាយុច្រើន ឬរូបរាងចាស់នោះទេ។ វាគឺជាលក្ខណៈសម្បត្តិដែលមនុស្សម្នាក់ចាប់ផ្ដើមកែប្រែខ្លួនឯង ពីទម្លាប់ដូចក្មេងការមិនបានគិតគូរឱ្យវែងឆ្ងាយ ឬការគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាដើម។ ប្រសិនបើអ្នកកំពុងធ្វើរឿងដូចខាងក្រោមនេះ ទោះបីអ្នកនៅអាយុតិចក្ដី ក៏គេចាត់ទុកថាជាមនុស្សចាស់ទុំដែរ។

១. លែងខឹងឆេវឆាវហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី

វាមិនមែនជាការងាយស្រួលឡើយក្នុងការរម្ងាប់អារម្មណ៍ដែលកំពុងខឹងឱ្យបានហើយធ្វើដូចគ្មានអ្វីកើតឡើងនោះ។ ប៉ុន្តែនៅពេលអ្នកចាស់ចិត្ត ចាស់គំនិតហើយអ្នកនឹងលែងឱ្យតម្លៃលើការឈ្លោះ ការក្រោធ ហើយងាកមកស្វែងរកដំណោះស្រាយដោយប្រើសន្តិវិធីនិងបែបត្រជាក់វិញបានដោយខ្លួនឯង។ ហើយជម្រើសមួយនេះហើយដែលនឹងធ្វើឱ្យអ្នកញញឹមបាននៅពេលក្រោយ បន្ទាប់ពីបញ្ហានោះបានចប់សព្វគ្រប់។

២. ការចេញដើរហើរទៅក្រៅឬដើរលេងដល់យប់ជ្រៅ លែងជារឿងដ៏រំភើបដូចមុន

មនុស្សជំទង់ភាគច្រើនតែងត្រេកត្រអាលជាមួយការចេញទៅក្រៅជួបមិត្តភក្ដិទៅកន្លែងនេះកន្លែងនោះដើម្បីសាកល្បងអ្វីថ្មីៗ។ ប៉ុន្តែបើអ្នកគិតថា សកម្មភាពទាំងនេះលែងជារឿងអស្ចារ្យដូចការបានត្រលប់មកផ្ទះហើយសម្រាកដោយស្ងប់ស្ងាត់ ជួបជុំគ្រួសារ បានន័យថាអ្នកកំពុងមើលឃើញតម្លៃនៃក្ដីស្រលាញ់របស់គ្រួសារនិងខ្លួនឯង។

៣. ឈ្វេងយល់ពីផ្នែកខាងក្នុងជាជាងផ្នែកខាងក្រៅ

មនុស្សចាស់ចិត្ត ចាស់គំនិត តែងចំណាយពេលវេលាយ៉ាងម៉ត់ចត់ក្នុងការពិនិត្យនូវអ្វីដែលពួកគេបានឃើញមិនថាជារបស់ ឬមនុស្សឡើយ។ ពេលចូលដល់ដំណាក់កាលនេះ អ្នកនឹងលែងឱ្យតម្លៃលើរូបរាងខាងក្រៅទ្រព្យសម្បត្តិ ភាពហ៊ឺហារ ហើយងាកមកស្វែងរកចំណុចល្អពីខាងក្នុងមកវិញដោយប្រើបញ្ញាញាណវិភាគយ៉ាងល្អិតល្អន់ចំពោះទង្វើរបស់ម្នាក់នោះ ដោយមិនឱ្យអារម្មណ៍មកអារកាត់ភ្លាមៗដូចមុនឡើយ។

៤. គិតគូរសុខភាពខ្លួនឯងច្រើនជាងមុន

ហេតុអ្វីចំណុចនេះអាចមានពាក់ព័ន្ធនឹងពាក្យថា“ចាស់ទុំ”? នោះក៏ព្រោះតែពេលដែលមនុស្សចាប់ផ្ដើមក្លាយជាមានការគិតបែបចាស់ទុំពួកគេដឹងថាអ្វីមានតម្លៃពិតប្រាកដ និងអ្វីដែលគ្រាន់តែបំភ័ន្តភ្នែក។ ការញ៉ាំ ការដើរហើរនិងការនិយាយស្ដី ត្រូវតែមានការប្រយ័ត្នប្រយែងច្រើនជាងមុន ព្រោះបើសិនសុខភាពមិនល្អអ្វីៗក៏នឹងមិនអាចបានជោគជ័យដូចការគ្រោងទុកដែរ។ ពួកគេលែងញ៉ាំដោយផ្អែកតែលើរសជាតិតែផ្អែកលើប្រូតេអ៊ីនដែលនឹងទទួលបានទៅវិញ។

៥. ចេះរឹតត្បិតការចាយវាយធ្វើអ្វីមានផែនការច្បាស់លាស់

ធ្លាប់ទេ? ឱ្យតែពេលបើកប្រាក់ខែឬមានលុយចាយ គឺចង់តែបើកកាបូប? មែនហើយ វាគឺជាក្ដីសុខមួយនៅពេលមនុស្សមានលុយ ដើម្បីបំពេញបំណងដែលខ្លួនចង់បាន។ ប៉ុន្តែនៅពេលក្លាយជាមនុស្សចាស់ទុំ ចំណង់របស់អ្នកក៏នឹងត្រូវកាត់បន្ថយហើយបែរមកផ្ដោតលើផែនការជីវិតច្រើនជាងវិញ។ អ្នកនឹងចេះបែងចែកចំណូលបានល្អិតល្អន់ជាងមុននិងប្រឹងប្រែងស្វែងរកវិធីធ្វើយ៉ាងណាឱ្យប្រាក់ដែលខ្លួនមាននោះកើនឡើងកាន់តែច្រើន៕