តើអ្នកដឹងទេថា របស់ដែលយើងប្រើរាល់ថ្ងៃ មិនថាធំ តូច សុទ្ធតែអាចមានផ្ទុកមេរោគ ហើយត្រូវការលាងសម្អាត ឬប្ដូរចេញតាមអាយុកាលរបស់វា។ ដូចរបស់ទាំង៦យ៉ាងខាងក្រោមដែលយើងប្រើប្រាស់ប្រចាំថ្ងៃ តែហាក់មិនសូវបានចាប់អារម្មណ៍ថាវាអាចមានមេរោគ ឬវត្ថុមិនស្អាតនៅតោងជាប់ឡើយ។ ប្រសិនបើអ្នកបានអានអត្ថបទនេះ អ្នកនឹងប្ដូរការគិតចំពោះការប្រើប្រាស់របស់ទាំងនេះ ដោយងាកមកលាងសម្អាត ឬសម្លាប់មេរោគ មុននឹងចាប់កាន់វាមកប្រើមិនខាន។

១. តេឡេបញ្ជាគ្រឿងអេឡិចត្រូនិក

ស្ទើរតែគ្រប់ផ្ទះទៅហើយដែលមានតេឡេបញ្ជាគ្រឿងអេឡិចត្រូនិកផ្សេងៗដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និងឧបករណ៍ផ្សេងទៀត។ ហើយតេឡេទាំងនេះសុទ្ធតែយើងត្រូវចាប់កាន់ប្រើជាប្រចាំថ្ងៃ ប៉ុន្តែអ្នកជំនាញបានរកឃើញថាគ្រឿងទាំងនេះអាចមានផ្ទុកបាក់តេរីមិនស្អាត ដែលប៉ះពាល់សុខភាពដោយមិនដឹងខ្លួន។ ដូច្នេះចូរឧស្សាហ៍ជូតសម្អាតវា ក្រោយពេលប្រើរួច និងទុកដាក់នៅកន្លែងស្អាត។

២. ផ្កាឈូកងូតទឹក

ទុយោផ្កាឈូកងូតទឹកគឺមិនសូវត្រូវបានម្ចាស់ផ្ទះគិតគូរដុសលាង ឬសម្អាតឡើយ ព្រោះតែគិតថាទឹកហូរចេញពីក្នុងនោះរាល់ថ្ងៃ អាចថាវាស្អាតរួចទៅហើយ។ ផ្ទុយទៅវិញ ពពូកបាក់តេរីអាចនឹងនៅសម្ងំក្នុងនោះ ហើយហូរចេញមកតាមទឹកដោយយើងមិនអាចមើលឃើញនឹងភ្នែកបាន។ វាអាចនឹងធ្វើឱ្យស្បែកយើងទៅជារមាស់ ឡើងកន្ទួល ឬរលាកបាន ដែលមនុស្សភាគច្រើនអាចគិតថាអាការៈ​នេះគឺមកពីទឹកមិនស្អាតទៅវិញ។ ដូច្នេះគួរពិចារណាឡើងវិញក្នុងការដុសសម្អាតក្បាលផ្កាឈូកងូតទឹករបស់អ្នកឱ្យបានហោចណាស់ ៣ទៅ៤ដងក្នុងមួយខែទើបជាការប្រសើរ។

៣. បង្កាន់ដៃ ឬគន្លឹះ​ទ្វារ

បង្កាន់ដៃ ឬគន្លឹះទ្វារក៏ជាកន្លែងដែលបាក់តេរីនៅប្រមូលផ្ដុំតោង ហើយយើងមិនអាចមើលឃើញបានដែរ ព្រោះតែយើងត្រូវប្រើវារាល់ថ្ងៃដោយមិនចាប់អារម្មណ៍។ ពេលខ្លះ ដៃដែលយើងយកទៅចាប់កាន់បង្កាន់ដៃ ឬគន្លឹះទ្វារនោះមិនបានសម្អាតឱ្យស្អាត ដែលជាហេតុធ្វើឱ្យមេរោគទាំងនោះនៅទុំជាប់ ហើយអ្នកក្រោយមកកាន់ វាក៏តោងទៅតាម បង្កជាជំងឺ ឬអាការៈមិនស្រួលផ្សេងៗ។ ដូច្នេះចូរឧស្សាហ៍ជូតសម្អាតទ្វាររបស់អ្នកដោយប្រើកំណាត់ស្អាត និងសាប៊ូ ឬបាញ់អាល់កុលមុននឹងចាប់កាន់ ជាពិសេសពេលប្រើទ្វារសាធារណៈផងដែរ។

៤. ក្ដារចុចកុំព្យូទ័រ

អ្នកធ្វើការការិយាល័យត្រូវការប្រើប្រាស់របស់នេះខ្លាំងមិនអាចជៀសផុត។ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានយកចិត្តទុកដាក់ជូតសម្អាតវាជាប្រចាំ ព្រោះវាមានចន្លោះតូចៗពេក ពិបាកក្នុងការសម្អាតជាដើម។ ទោះជាយ៉ាងណា អ្នកគួរជូតសម្អាតវាឱ្យបានញឹកញាប់ និងលាងសម្អាតដៃក្រោយពេលវាយកុំព្យូទ័ររួច។ 

៥. កុងតាក់ភ្លើង

មិនខុសពីបង្កាន់ដៃទ្វារទេ កុងតាក់ភ្លើងគឺជារបស់ដែលមនុស្សប្រើប្រាស់ញឹកញាប់បំផុត ពោលគឺចេញបិទ ចូលក៏បើកវិញ។ ហើយដៃដែលយកមកចុចក៏អាចមានពេលខ្លះមិនបានលាងសម្អាត ជាហេតុនាំឱ្យមានបាក់តេរីតោង។ សូមកុំមើលរំលងរបស់ទាំងនេះឱ្យសោះ ព្រោះវាអាចបង្កឱ្យប៉ះពាល់សុខភាព ប្រសិនបើមិនបានជូតសម្អាតឱ្យបានញឹកញាប់ទេនោះ។

៦. ច្រាសដុសធ្មេញ

មនុស្សធ្លាប់តែគិតថាច្រាសដុសធ្មេញគឺជារបស់ដែលអាចសម្អាតមេរោគចេញពីមាត់បាន ដោយប្រើថ្នាំដុសធ្មេញ។ ប៉ុន្តែអ្នកមិនដឹងទេថា ការទុកច្រាស​និងថ្នាំដុសធ្មេញរបស់អ្នកនៅក្នុងបន្ទប់ទឹក វាហាក់ដូចជាការទុកឱ្យមេរោគបានតោងជាប់លើច្រាសរបស់អ្នក ជាពិសេសពេលអ្នកកាច់ទឹកបង្គន់ មេរោគដែលនៅក្នុងនោះនឹងហើរចេញមកទុំលើរបស់ដែលនៅក្នុងបន្ទប់ទឹកនោះ។ ដូច្នេះចូរលាងសម្អាតច្រាសរបស់អ្នក ហើយយកវាមកទុកនៅខាងក្រៅបន្ទប់ទឹក កន្លែងដែលស្ងួតល្អ និងប្ដូរវាចេញហោចណាស់រាល់៣ខែម្ដង៕