ឱ្យតែមានព្រឹត្តិការណ៍សង្គម  ឬព្រឹត្តិការណ៍តំបន់ណាមួយកើតឡើងទាក់ទងនឹងសិល្បៈ វប្បធម៌គេតែងឃើញមានយុវជនជាច្រើនចាប់ផ្តើមចេញមុខមក​ហួងហែង ការពារ ឬជជែកវែកញែកជាសាធារណៈ  ពីមរតកវប្បធម៌របស់ខ្មែរយើងនៅបណ្តាញសង្គម។ ជាក់ស្តែងនៅពេលដែលកម្ពុជា  និងប្រទេសក្នុងតំបន់មួយចំនួន​ស្នើសុំចុះបញ្ជីរល្ខោនខោលជាសម្បត្តិបតិកភណ្ឌពិភពលោក  ប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមចេញមុខមកគិតគូរ  និងខ្វល់ខ្វាយ តែក្រោយពេលស្ងាត់បានបន្តិច ​រោងល្ខោនខោល​ស្ទើរតែត្រូវបិទទ្វាទៅវិញក្នុងពេលថ្មីៗនេះ ដោយសារតែគ្មានអ្នកទិញសំបុត្រចូលមើល។

ទីប្រឹក្សាក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ  លោកសាស្ត្រាចារ្យ  ព្រឿង  ឈាង  ធ្លាប់បានលើកឡើងថា យុវជនខ្មែរជាច្រើន បានយកចិត្តទុកដាក់​លើមរតកវប្បធម៌ជាតិនាពេលបច្ចុប្បន្ននេះ តែការយកចិត្តទុកដាក់នេះ គឺធ្វើទៅតាមព្រឹត្តិការណ៍  ឬតាមហេតុការណ៍មួយឆាវតែប៉ុណ្ណោះ។ កន្លងមកមានក្រុមយុវជនជាច្រើន បានចាប់ផ្តើមចេញមក​ធ្វើការងារដើម្បីអភិរក្សឬធ្វើសកម្មភាពដើម្បីជំរុញវប្បធម៌ផងដែរ  ទាំងក្នុងបណ្តាញសង្គម  និងក្នុងរូបភាពនានា តែសកម្មភាពទាំងអស់នោះ ក៏ត្រូវបានសាបរលាបទៅវិញក្នុងរយៈពេលដ៏ខ្លី ដោយសារតែប្រជាជនជាច្រើនចូលចិត្តគាំទ្រតែមួយឆាវ។

លោកសាស្រ្តាចារ្យ ព្រឿង ឈាង

លោកសាស្រ្តាចារ្យ  ព្រឿង  ឈាង  បានមានប្រសាសន៍ថា៖ «កត្តាដែលធ្វើឱ្យប្រជាជនខ្មែរយើងគាំទ្រ ឬគិតគូរពីសិល្បៈវប្បធម៌បានតែមួយឆាវៗនេះ គឺដោយសារតែពួកគាត់មិនបានយល់ដឹង ពីគ្រឹះពិតប្រាកដនៃវប្បម៌របស់យើង»។

អ្នកជំនាញសិល្បៈវប្បធម៌បុរាណខាងលើ បានបញ្ជាក់ផងដែរថា ប្រជាជនខ្មែរគួរចាប់ផ្តើមសិក្សាស្វែងយល់ ពីគុណតម្លៃ  លក្ខណៈពិសេសនានា និងចំណេះដឹងគ្រឹះជាមូលដ្ឋានរបស់វប្បធម៌ជាតិឱ្យបានច្រើន ទើបយើងអាចចូលរួមឱ្យបានកាន់តែប្រសើរ ក្នុងការលើកស្ទួយមតរកវប្បធម៌ជាតិ មិនមែនភ្ញាក់ផ្អើលតាមគ្នាមួយឆាវៗនោះទេ។  មរតកវប្បធម៌មានតម្លៃខ្លាំងណាស់សម្រាប់ជាតិមួយ ព្រោះពាក្យខ្មែរយើងក៏បានបញ្ជាក់យ៉ាងច្បាស់ថា វប្បធម៌រលត់ជាតិរលាយ  វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន  ហេតុនេះប្រសិនបើយើងពិតជាស្រឡាញ់វប្បធម៌ យើងគួរសិក្សាឱ្យបានច្បាស់លាស់។

លោកសាស្ត្រាចារ្យបញ្ជាក់ផងដែរថា នៅពេលយើងសិក្សាបានច្បាស់លាស់ ពីឬសគល់នៃវប្បធម៌របស់យើង  នោះយើងនឹងអាចទប់ស្កាត់បាននូវលំហូរយ៉ាងសេរីនៃវប្បធម៌បរទេសក៏ដូចជាមើលឃើញ  ពីលក្ខណៈគ្រឹះសំខាន់ដ៏ល្អឯករបស់យើង ដែលប្រទេសនានាធ្វើមិនដូច។ បន្ថែមពីលើនេះ  កាលណាយើងយល់ច្បាស់ពីមូលដ្ឋានគ្រឹះរបស់ខ្លួន  នោះយើងនឹងអាច​ឈរយ៉ាងរឹងមាំដើម្បីបន្តអភិរក្សដើម្បីអភិវឌ្ឍ  និងអភិវឌ្ឍដើម្បីអភិរក្ស  ដែលធ្វើឱ្យតម្លៃនៃភាពច្នៃប្រឌិតនិងសកម្មភាពនានាដែលយើងធ្វើចេញទៅ  ក្លាយជាសកម្មភាពប្រកបដោយ​សារៈសំខាន់  និង​គុណប្រយោជន៍សម្រាប់ទាំងអស់គ្នា៕