ការលក់អចលនទ្រព្យ ឬវត្ថុប្រើប្រាស់ផ្សេងទៀត មានយុទ្ធសាស្រ្ដលក់ដ៏ពេញនិយមមួយ ដែលគេប្រើប្រាស់គឺការអនុញ្ញាតឲ្យអ្នកទិញ អាចបង់រំលស់ប្រចាំខែ ដោយទឹកប្រាក់ទាបនិងមានរយៈពេលនៃការបង់រយៈពេលយូរឆ្នាំ ដោយមើលទៅតាមលទ្ធភាពអ្នកទិញអាចរត់រួចឬអត់។

ខាងក្រោមនេះ យើងនឹងបង្ហាញអត្ថប្រយោជន៍មួយចំនួន (វាក៏មានគុណវិបត្តិនៃការបង់រំលស់រយៈពេលវែង) នៃការជ្រើសរើសលក្ខខណ្ឌបង់រំលស់រយៈពេលវែង មិនថាតែជាប្រាក់កម្ចីឬជាការបង់រំលស់លើអចលនទ្រព្យនោះទេ៖

1. ការទូទាត់ប្រចាំខែទាប

ការបង់ទូទាត់ប្រាក់ប្រចាំខែទាប តែអ្នកក៏ត្រូវចំណាយពេលយូរ ដើម្បីបង់គ្រប់ឬសងប្រាក់កម្ចី។ ដីឡូតិ៍មួយកន្លែងដែលមានតម្លៃពេញ ១០០០០ដុល្លារ តម្រូវឲ្យអ្នកបង់រយៈពេល៥ឆ្នាំ(មិនគិតលក្ខខណ្ឌផ្សេង) នោះ ១ខែនឹងត្រូវបង់ប្រមាណ ១៦៧ដុល្លារ។ តែប្រសិនបើអ្នកត្រូវបង់ដល់ ៨ឆ្នាំ  នោះអ្នកបង់ត្រឹមតែ១ខែ ១០៤ដុល្លារ។

ឬឧទាហរណ៍មួយទៀត អ្នកយកប្រាក់កម្ចីផ្ទាល់ខ្លួនចំនួន១០,០០០ ដុល្លារក្នុងអត្រាការប្រាក់ ១០%។ ប្រសិនបើរយៈពេលសងត្រលប់ របស់អ្នកគឺ ៣ ឆ្នាំការបង់ប្រាក់ប្រចាំខែរបស់អ្នកគឺ ៣២៣ដុល្លារក្នុងមួយខែ។ សូមគិតថា បើសិនអ្នកត្រូវបង់រំលស់ប្រាំបីឆ្នាំវិញ នៅក្នុងសេណារីយ៉ូដូចគ្នា នោះការបង់ប្រាក់ប្រចាំខែរបស់អ្នកគឺត្រឹមតែ ១៥២ ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

2. មានភាពបត់បែន

ដោយសារតែអ្នកត្រូវបង់រយៈពេលវែងជាងមុន មិនមានន័យថាអ្នកត្រូវតែបង់ឲ្យដល់តាមពេលកំណត់នោះទេ។ អ្នកអាចជ្រើសរើសការបង់ប្រាក់បន្ថែម (លើចំនួនដែលត្រូវបង់) ប្រសិនបើអ្នកមានសាច់ប្រាក់នៅសល់ខ្លះ ។ យុទ្ធសាស្រ្តនេះនឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ដូចគ្នានិងការការបង់រំលស់រយៈពេលខ្លី ប៉ុន្តែអ្នកនឹងមិនជាប់ក្នុងការទូទាត់ខ្ពស់រាល់ខែនោះទេ នៅពេលដែលអ្នកមិនមានលុយច្រើនដើម្បីបង់បន្ថែម។

ឧទាហរណ៍ថា ១ខែអ្នកត្រូវបង់ ១៥២ដុល្លារ ប៉ុន្ដែបើខែខ្លះអ្នកនៅសល់ថវិការ ១០០ដុល្លារទៀត អាចបង់បន្ថែមលើស១៥២ នោះពេលវេលានៃការបង់រំលស់នឹងត្រូវបានកាត់បន្ថយ។ តែត្រូវប្រាកដថាការបង់បែបនេះ ត្រូវបានចរចារក្នុងកិច្ចសន្យា។

3. សល់លុយដើម្បីធ្វើអ្វីផ្សែង

ដោយសារតែការទូទាត់ប្រចាំខែទាប លក្ខខណ្ឌបង់វែងជាងមុន នោះវាបានផ្ដល់ភាពងាយស្រួលក្នុងការប្រើថវិការដែលអ្នករកបានប្រចាំខែ។ អ្នកអាចនឹងសល់ប្រាក់ដើម្បីវិនិយោគលើអ្វីមួយ ឬអាចទុកដាក់ដើម្បីដោះស្រាយបញ្ហាផ្សេងទៀតបាន ក្នុងករណីចាំបាច់។

ទាំងនេះគឺជាអត្ថប្រយោជន៍ធំ ៗ ទាំងអស់ដែលអាចពិចារណាបានយ៉ាងល្អិតល្អន់ជាមុន នៅពេលសម្រេចចិត្តថាតើត្រូវជ្រើសរើសលក្ខខណ្ឌបង់វែង ដោយឡែកវាក៏មានគុណវិបត្តិផងដែរ។ 

យ៉ាងណាក៏ដោយ ការបង់រំលស់លើវត្ថុប្រើប្រាស់ វត្ថុរបស់អ្នកនឹងចុះតម្លៃនៅថ្ងៃអនាគត តែបើអ្នកបង់រំលស់លើអចលនទ្រព្យ នោះទ្រព្យអ្នកនឹងកើនឡើងនៅថ្ងៃអនាគត៕