ទាញយក App ក្រមា ប៉ុស្ដិ៍សូមចុច => ទាញយក

មនុស្សភាគច្រើនតែងយល់ថាឱ្យតែមានសម្រស់ស្រស់ស្អាតគឺអាចទាក់ទាញចំណាប់អារម្មណ៍អ្នកនៅជុំវិញខ្លួន ជាពិសេសមនុស្សផ្ទុយភេទឱ្យលង់ស្នេហ៍បាន។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីនារីខ្លះមុខមិនសូវស្អាត រាងក៏មិនសូវបាន ប៉ុន្តែបែរជាមានមន្តស្នេហ៍មានអ្នកតាមស្រលាញ់ច្រើន? នោះគឺមកពីនាងមានចំណុចពិសេសដែលមិនអាចមើលឃើញនឹងភ្នែកទទេ ឬមើលមួយភ្លែតឃើញ។

១. មានស្ទីលផ្ទាល់ខ្លួន មិនខ្លាចការគិតរបស់អ្នកដទៃចំពោះសម្រស់របស់ខ្លួន

នារីដែលមានមន្តស្នេហ៍គឺជានារីដែលមានសម្រស់ផ្ទាល់ខ្លួន ពោលគឺនាងមិនភ័យខ្លាច ឬឈឺចាប់ដោយសារភាពស្រស់ស្អាតរបស់អ្នកដទៃ ហើយមកធ្វើបាបខ្លួនដើម្បីឱ្យបានដូចគេ។ នាងមានស្ទីលផ្ទាល់ខ្លួន ចេះរៀបចំខ្លួនឱ្យចូលចំណោមគេ មិនខុសគេពេក ក៏មិនលើសគេជ្រុលពេក។ បែបនេះគឺជាចំណុចដ៏ពិសេសដ៏ទាក់ទាញដែលធ្វើឱ្យបុរសៗចាប់អារម្មណ៍នាងបាន។

២. ជាអ្នកស្ដាប់ដ៏ល្អម្នាក់

មន្តស្នេហ៍ដ៏សាមញ្ញរបស់នារីម្យ៉ាងទៀត គឺនាងជាមនុស្សដែលពេញចិត្តនឹងស្ដាប់រឿង ឬមតិយោបល់របស់អ្នកនៅជុំវិញខ្លួន។ មិនត្រឹមតែសម្រាប់មនុស្សផ្ទុយភេទ សូម្បីតែអ្នកដែលភេទដូចគ្នាក៏ចូលចិត្តចែករំលែករឿងជាមួយនាង ព្រោះវាធ្វើឱ្យពួកគេបានធូរស្បើយទុក្ខកង្វល់ និងជាការលើកកម្លាំងចិត្តដ៏មានប្រសិទ្ធភាព រហូតគិតថានាងជាមិត្តដ៏ល្អម្នាក់។ ប៉ុន្តែភាពទាក់ទាញនេះមិនមែនសំដៅលើនារីដែលចូលចិត្តស្ដាប់រឿងគេ ហើយយកទៅនិយាយបន្តជាមួយអ្នកផ្សេងឡើយ។

៣.ចូលចិត្តប្រើភ្នែកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ (Eye Contact)

ភាពទាក់ទាញរបស់នារីមួយទៀតគឺការហ៊ានសម្លឹងភ្នែកដៃគូដែលកំពុងនិយាយជាមួយនាង។ វាគឺជាការបង្ហាញពីជំនឿចិត្តរបស់នាង និងឱ្យតម្លៃចំពោះដៃគូសន្ទនា ដោយបង្ហាញថានាងកំពុងយកចិត្តទុកដាក់លើការសន្ទនាមួយនេះ។ មិនតែប៉ុណ្ណោះ កាលណាមនុស្សផ្ទុយភេទសម្លឹងមុខនារីម្នាក់យូរ ហើយនាងហ៊ានសម្លឹងគេវិញដោយក្រសែភ្នែកស្រទន់ និងស្នាមញញឹម វាអាចបន្ទន់ចិត្តមនុស្សប្រុសឱ្យលង់ដោយមិនដឹងខ្លួន។

៤. មិនចេះឆ្មើងកន្ទ្រើង

មិនមែនអ្នកណាៗក៏សុទ្ធតែអាចធ្វើខ្លួនឱ្យទន់ទាបឬចេះដាក់ខ្លួននោះទេ។ ប៉ុន្តែអ្នកដែលអាចធ្វើបានដោយសុទ្ធចិត្តគឺជាមន្តស្នេហ៍ដ៏ទាក់ទាញមួយ។ ការមិនវាយឫក មិនធ្វើខ្លួនឆ្មើងកន្ទ្រើងគឺជាការឱ្យតម្លៃមនុស្សដែលនៅជុំវិញខ្លួននិងលើកតម្លៃខ្លួនឯងពីសំណាក់អ្នកទាំងនោះទៅវិញ។

៥. ជានារីដ៏កក់ក្ដៅសម្រាប់អ្នកនៅជុំវិញខ្លួន

នារីដែលមានភាពទាក់ទាញមួយប្រភេទទៀតគឺជានារីដែលមានបុគ្គលិកលក្ខណៈកក់ក្ដៅ និងឆាប់ចុះសម្រុងជាមួយអ្នកដទៃ។ មិនខុសពីចំណុចខាងលើ នាងជានារីដែលមិនងាយធ្វើឱ្យអ្នកនៅជុំវិញខ្លួនមានអារម្មណ៍ទើសទាល់ ឬក្ដៅក្រហាយព្រោះតែនាង ជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់នាងពីមុនមក។ មិនតែប៉ុណ្ណោះ កាលណារាប់អានគ្នាយូរ នាងកាន់តែធ្វើឱ្យគេមានក្ដីសុខដោយមិនដឹងខ្លួន ធ្វើឱ្យពួកគេមានអារម្មណ៍ជិតស្និទ្ធ និងមិនមានការលាក់លៀមក្នុងការចែករំលែករឿងរ៉ាវទាំងល្អ និងអាក្រក់ជាមួយនាង៕